ពាក្យ​ចាស់​លោក​ពោល​ថា​បើ​ជា​គូ​នឹង​គ្នា​ហើយ​ ទោះ​ទៅ​ដល់​ជើង​មេឃ​ក៏​គង់​នឹង​វិល​មក​ជួប​គ្នា​វិញ ប្រៀប​ដូច​ជា​គូស្នេហ៍​តារា​ថៃ​ទាំង​​ប៉ុន្មាន​គូ​នេះ​ដែល​ទោះ​ជា​បាន​បែក​បាក់​ចែក​ផ្លូវ​គ្នា​ដោយ​បញ្ហា​ផ្សេងៗ​ តែ​ទីបំផុត​ក្ដី​ស្រលាញ់​បាន​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​នោះ​វិល​​ត្រលប់​មក​ជួបជុំ​គ្នា​វិញ។​ ចង់​ដឹង​ថា​មាន​គូ​ណា​ខ្លះ​ ​សូម​តាម​ដាន​នៅ​ខាង​ក្រោម​នេះ​៖​

សូមចុចអាន៖ «Dare To Love» រឿង​​​ថ្មី​ ម៉ែ​ការ៉ាកេត​ ​តួ​ឯក​ប្រុស​​ក្មេង​ខ្ចី​​ល្ហក់​​ ​ខ្ពស់​ស្អាត​សង្ហា ​គ្រប់​គ្រឿង​!

. AUM Patchrapa-Pok [Hi-So] (លែង​ចង់​ត្រឹម​ធ្វើ​ជា​មិត្ត​ភក្ដិ​)

សម្រាប់​គូ​ស្នេហ៍​តារា​សម្ដែង​លេខ​១​របស់​ថៃ​ AUM Patchrapa និង​គូស្នេហ៍​កំលោះ​ HiSo ​អាច​ចាត់​ទុក​ថា​ជា​គូ​ដ៏​ស័ក្តិសម​បំផុត​និង​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចាប់តាំង​ពី​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទំនាក់ទំនង​កាល​ពី​៣​ឆ្នាំ​មុន​ (២០១៨) ​ព្រោះ​រាល់​រូបថត​របស់​ Aum ​នៅ​ក្នុង​កម្មវិធី​ខួប​កំណើត​របស់​មិត្តភក្ដិ​រមែង​មាន​អ្នក​កំលោះ​ Hiso ​រូប​នេះ​រួម​ជាមួយ​ជានិច្ច​ ប៉ុន្តែ​ទំនាក់ទំនង​នោះ​មិន​ទាន់​​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ការ​ពិត​ឬ​ក៏​អត់​នោះ​ទេ​ ព្រោះ​មិនមាន​ការ​​បញ្ជាក់​ពី​ AUM។ សម្ព័ន្ធភាព​លើស​ពី​មិត្ត​ធម្មតា​នេះ​ចាប់​ផ្ដើម​ច្បាស់​ឡើង​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​ AUM ដែល​មានមិត្តភក្ដិ​ស្និទ្ធស្នាល​មក​ចូលរួម​ជា​ច្រើន​នាក់​​ ក៏​មាន​ HiSo Pok ចូលរួម​ដែរ​។ ជាង​នោះ​ទៀត​អ្នក​កំលោះ​រូប​នេះ​ ​គឺ​ជា​អ្នក​នៅ​ពីក្រោយ​ការ​រៀបចំ​កម្មវិធី​ខួប​កំណើត​លើក​នេះ​ទៀតផង​ ក្រោយ​ពី​កម្មវិធី​ខួប​កំណើត​ ក៏​ចាប់​ផ្ដើម​មាន​រូបភាព​ផ្អែមល្ហែម​រវាង​អ្នក​ទាំងពីរ​ចេញ​មក​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​​ដូច​ពាក្យ​ចាស់​លោក​ពោល​ទុក​ថា​​ «ផ្កា​កុលាប​រមែង​មាន​បន្លា​ រីឯ​ស្នេហា​តែង​មាន​ឧបសគ្គ​» ព្រោះ​កាល​ពី​ឆ្នាំ​២០១៩​ ​ព័ត៌មាន​ចចាមអារ៉ាម​រឿង​បែកបាក់​អ្នក​ទាំងពីរ​ចាប់​ផ្ដើម​លេចឮ​ច្រើន​ឡើង​ៗ​ រហូត​ AUM ​បាន​ចេញ​មក​ផ្ដល់​បទ​សម្ភាស​ថា​ទំនាក់ទំនង​អ្នក​ទាំងពីរ​នៅ​ត្រឹម​តែ​ជា​មិត្តភក្ដិ​ប៉ុណ្ណោះ​ ក្រោយ​ពី​នោះ​មួយ​រយៈ​ក៏​ស្រាប់​តែ​មាន​រូបភាព​AUM និង​គូស្នេហ៍​ដដែល​នេះ​លេច​ចេញ​មក​បង្អួត​កែវភ្នែក​មហាជន​តាម​រយៈ​រូបភាព​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​ ទីបំផុត​ស្នេហា​ដែល​អ្នក​ទាំងពីរ​មាន​ចំពោះ​គ្នា​បាន​ទម្លាយ​កំពែង​ឧបសគ្គ​ហើយ​ត្រលប់​មក​ស្រលាញ់​គ្នា​ល្អូកល្អិន​លើស​ដើមរហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤​ឆ្នាំ​ឈាន​ចូល​៥​ឆ្នាំ​ហើយ​។

២. Peak pattarasaya – Todd [Hi-So] (ចិត្ត​នឹក​គ្មាន​អ្នក​ណា​អាច​ហាម​ឃាត់​បាន​)​

សម្រាប់​គូស្នេហ៍​រវាង​តួ​ឯក​ស្រី​ Diary Tootsie The Series និង​អ្នក​កំលោះ​ Todd HiSo កូន​សេដ្ឋី​ព្រោះ​បើ​រំលឹក​ថយ​ក្រោយ​កាល​ពី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ឆ្នាំ​២០១៨ ភាគី​ខាង​ស្រី​បាន​បង្ហោះ​រូប​គូ​ជាមួយ​នឹង​កំលោះ​តត​ព្រម​ទាំង​បញ្ជាក់​ពីឋានៈ​រវាង​អ្នក​ទាំង​ពីរ​ថា​ជា​គូស្នេហ៍​នឹង​គ្នា​ក្រោយ​លួច​ទាក់ទង​គ្នា​ស្ងាត់​ៗ​៥​ខែ​ ដោយ​ភីក​បាន​ប្រាប់​ថា​ពេញ​ចិត្ត​ត្រង់​ខាង​ប្រុស​ជា​ប្រុស​គួរ​ឱ្យ​ស្រលាញ់​និង​ពោរពេញ​ដោយ​ភាព​កក់ក្ដៅ​។ នៅ​ពេល​បង្ហាញ​ពី​ទំនាក់ទំនង​ជា​សាធារណៈ​ហើយ​ រូបភាព​ស្និទ្ធស្នាល​សែន​ផ្អែមល្ហែម​រវាង​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ចេញ​មក​ជា​បណ្ដើរ​ៗ​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​ ស្រាប់​តែ​មាន​លេច​ឮ​ដំណឹង​ថា​គូស្នេហ៍​ទាំង​ពីរ​ចាប់​ផ្ដើម​មាន​បញ្ហា​ហើយ​នៅ​ដើម​ឆ្នាំ​២០២០​ ភីគ​បាន​ចេញ​មក​ទទួល​ស្គាល់​ថា​ស្នេហា​រវាង​អ្នក​ទាំងពីរ​បាន​ដើរ​មក​ដល់​ផ្លូវ​ទាល់​ ដូច្នេះ​បាន​និយាយ​គ្នា​ស្រុះស្រួល​គ្នា​ និង​បែក​គ្នា​ដោយ​សន្តិវិធី។ ភីគ​បាន​និយាយ​ទៀត​ថា​ទុក​ពេល​ឱ្យ​បេះដូង​ទំនេរ​ ប៉ុន្តែ​រំលង​បាន​៦​ខែ​ស្រាប់​តែ​ មាន​រូបភាព​ភីគ​និង​កំលោះ​ Hiso តត​ ចេញ​មក​បង្អួត​ខ្សែ​ភ្នែក​មហាជន​ គ្រាន់​តែ​លើក​នេះ​អ្នក​ទាំងពីរ​មិន​ត្រឹម​តែ​បណ្ដើរ​គ្នា​លម្ហែ​នៅ​មាត់​សមុទ្រ​ប្រកប​ដោយ​បរិយាកាស​ស្រស់ស្រាយ​នោះ​ទេ​ ថែម​ទាំង​បន្ថែម​រសជាតិ​ផ្អែម​រហូត​សមុទ្រ​សឹង​តែ​ប្ដូរ​ពី​រសជាតិ​ប្រៃ​មក​ផ្អែម​។ ក្រោយ​ពី​ Trip កម្សាន្ត​ដ៏​ផ្អែមល្ហែម​នៅ​មាត់​សមុទ្រ​រួច​មក​ក៏​ចាប់​ផ្ដើម​មាន​រូបភាព​ផ្អែមល្ហែម​រវាង​អ្នក​ទាំងពីរ​ចេញ​មក​ជា​ញឹកញាប់​ ថែម​ទាំង​រូប​ភាព​ថ្មីៗ​គឺ​កាន់​តែ​ផ្អែមល្ហែម​និង​គួរ​ឱ្យ​ច្រណែន​លើស​ដើម​។​

This image has an empty alt attribute; its file name is S__12746760-865x1024.jpg

៣. Prang kannarun-Tong [Twopee] (រក្សា​ទុក​ក្នុង​បេះដូង​ជា​និរន្តរ៍​)

​មួយ​គូ​នេះ​បើ​និយាយ​ថា​ជា​គូ​ដែល​ព្រហ្មលិខិត​កំណត់​ឱ្យ​មក​ជា​គូ​ក៏​ថា​បាន​ ព្រោះ​បើ​វិល​ថយ​ក្រោយ​កាល​ពី​អាយុ​២០​ឆ្នាំ​ ទើប​តែ​រៀន​ចប់​មហាវិទ្យាល័យ​ថ្មី​ៗ​ កាល​នោះ​ Tong ​អ្នក​កំលោះ​ Rapper រូប​សង្ហា​បាន​ចូល​មក​សុំ​ស្គាល់​និង​សុំ​ស្នេហ៍​ Prang និយាយ​ថា​ដោយ​មើល​ឃើញ​ពី​ការ​ព្យាយាម​របស់​ Tong ធ្វើ​ឱ្យ​ខ្លួន​ព្រម​បើក​ចិត្ត​សេព​គប់​គ្នា​ក្នុង​ឋានៈ​គូស្នេហ៍​តែ​ត្រូវ​ស្ថិត​ក្រោម​ខ្សែ​ភ្នែក​របស់​អ្នក​ម៉ាក់​របស់​ Prang ជានិច្ច។​ បើ​រំលឹក​ឡើង​វិញ​រយៈ​ពេល​៤​ឆ្នាំ​ដំបូង​ដែល​សេពគប់​គ្នា​ Tong បាន​ជួប​ជាមួយ​នឹង​ម៉ាក់​របស់​ Prang តែ​ប៉ុន្មាន​លើក​ប៉ុណ្ណោះ​ ថែម​ទាំង​មិន​ដែល​បាន​ចូល​ផ្ទះ​ទៀត​។​ ក្រោយ​មក​ស្នេហា​អ្នក​ទាំង​ពីរ​ស្រាប់​តែ​ជាប់​ផុង​ព្រោះ​ដោយ​ការ​គិត​ គំនិត​ទស្សនៈ​ខុស​ឆ្ងាយ​ពី​គ្នា ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ផ្ដាច់​ទំនាក់ទំនង​គ្នា​ពីរ​ឆ្នាំ​ពេញ​ ដោយ​ម្ខាងៗ​មិន​បាន​ដឹង​ដំណឹង​ម្ខាង​ទៀត​ ប៉ុន្តែ​គូស្នេហ៍​ដែល​ព្រហ្មលិខិត​ចាប់​គូ​នេះ​ បាន​វិល​មក​ជួប​គ្នា​សារ​ជា​ថ្មី​ និង​បាន​សេពគប់​គ្នា​បែប​ស្ងាត់​ៗ​ រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​ មុន​ព្រម​ចេញ​មក​ប្រកាស​ឱ្យ​ដឹង​​ទំនាក់ទំនង​ស្នេហា​ខ្យល់​បក់​បញ្ច្រាស​ថយ​ក្រោយ​នេះ​មាន​ភាព​ស្និទ្ធស្នាល​នឹង​កាន់​តែ​ផ្អែមល្ហែម​ទ្វេ​ឡើង​ រហូត​អ្នក​គាំទ្រ​រំអុក​ចង់​ឱ្យ​រៀបការ​ឆាប់​ៗ​ថែម​ទៀត​ផង​៕

This image has an empty alt attribute; its file name is Dtbezn3nNUxytg04agD6t4fZXhF6mtqhrEu0oh4KxgAMOl-1024x1024.jpg
Telegram-Troryorng
Share.