សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​សម្រេច​ចិត្ត​ចុះ​កិច្ចសន្យា​​ផ្លូវការ​ជាមួយ​គ្រូ​បង្វឹក​បាល់ទះ​ជនជាតិ​​គុយបា ទាំង​២​រូប​ជា​ផ្លូវការ ក្រោយ​​ពិនិត្យ​មើល​ឃើញ​ពី​​​បច្ចេកទេស និង​ការ​បង្ហាត់​​ដល់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ទាំង​ក្នុង​សាល​និង​បាល់ទះ​ឆ្នេរ​ខ្សាច់​ អស់​មួយ​រយៈ​រួចមក។

ការ​ចុះ​កិច្ចសន្យា​នេះ​ធ្វើ​ឡើង​​នា​​រសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក្នុង​វិមាណ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​ចូលរួម​ជា​សាក្សី​ពី​​ពី​សំណាក់​មន្រ្តី​របស់​សហព័ន្ធ ​ក្រុម​គ្រូ​បង្វឹក និង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា មួយ​ចំនួន ជា​ពិសេស​មាន​ការ​ចូលរួម​របស់​លោក​ជំទាវ​ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជាផងដែរ។

លោក Leonid Abum Castillo និង​​កញ្ញា Natyelis Riol Cardenas ដែល​ជា​អ្នកគ្រប់គ្រង​របស់​គ្រូ​បង្វឹក​ទាំង​២ សុទ្ធ​តែ​​តាំង​ចិត្ត​នឹង​ចូលរួម​ជា​ធ្លុងមួយ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ប្រជែង​យក​ជ័យជម្នះ​​ក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា ជា​ពិសេស​​គឺ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។ ភាគី​គុយបា បាន​ថ្លែងអំណរ​គុណ​ដល់​ថ្នាល់​ដឹកនាំ​សហព័ន្ធ​ដែល​បាន​ជួយ​សម្របសម្រួល​ការ​រស់នៅ និង​ការ​ធ្វើការ​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា ជា​ពិសេស​តាម​រយៈ​ការ​ប្រឹងប្រែង​លើ​ឆាក​អន្តរជាតិ​របស់​​ឯកឧត្តម ជា ពៅ អគ្គលេខាធិការ​រង​សហព័ន្ធ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​លើក​ឡើង​ក្រោយ​បន្ថែម​ក្បាល​ម៉ាស៊ីន ក្នុង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ថា៖«តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​​​ពី​សំណាក់​ ​លោក​ជំទាវ​អគ្គរដ្ឋទូច​គុយបា ប្រចាំ​កម្ពុជា ពេល​នេះ​យើង​​បាន​សម្រេច​ចុះ​កិច្ចសន្យា​ជាមួយ​នឹង​លោក លោក Karell Pena Ventoza ជា​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស ហើយ​លោក Berto Friol Barrios ជា​គ្រូ​​ជំនួយ​ក្រុម​​បាល់ទះ​ក្នុង​សាល​បុរស»។

«ក្រោយ​យើង​ធ្វើ​តេស្ត​សាកល្បង ពិនិត្យ​លើការ​​ផ្តល់តិចនិច និង​ទស្សនវិស័យមួយ​ចំនួន​ស្រប​តាម​​អ្វី​ដែល​ឯកឧត្តម​សន្តិបណ្ឌិត នេត សាវឿន ​ប្រធានសហព័ន្ធ​ និងឯកឧត្តម ស សុខា ​អនុប្រធាន​សហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យ​តែ​មួយ​គត់ គឺយើង​ចង់​បាន​មេដាយមាស ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម។ ប៉ុន្តែ​អ្វីៗ​ការ​​ប្រកួត​លើ​ទីលាន​វា​មិន​ស្រួល​យើង​និយាយ​នោះ​ទេ តើ​ជាក់​ស្តែង​យើង​ធ្វើ​បាន​កម្រិត​ណា? ហើយ​​ខ្ញុំ​ជឿជាក់​ថា​​ការ​បន្ថែម​គ្រូ​បង្វឹក​ទាំង​២នាក់​នេះ​មក​ជួយ​យើង​ឱ្យ​​មាន​សង្ឃឹម​កាន់​តែ​ធំ​ក្នុង​ការ​ប្រជែង​យក​មេដាយ​មាស»។ លោក​អគ្គលេខាធិការ​បន្ថែម។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់​​ថា៖«ខ្លឹមសារ​នៃ​កិច្ចសន្យាបើក​ទូលាយ​​ដែរ ដោយ​យើង​ទទួល​គាត់​ជា​គ្រូ​បង្វឹក​ទាំង​បាល់ទះ​ឆ្នេរខ្សាច់ក្តី បាល់ទះ​ក្នុង​សាល​ក្តី​ រយៈ​ពេល​១ឆ្នាំ បើ​ងាក​មើល​ទៅ​ក្រោយ​ស៊ីហ្គេម​ឆ្នាំ​២០២៣ ចប់​រយៈ៣ខែ​ទើប​ផុត​កិច្ចសន្យា​។ តែ​ក្នុង​​​នោះ​យើង​ចង់​បន្ត​កិច្ចសន្យា​ ត្រូវ​ជូនដំណឹង​គ្នា​រយៈ​ពេល​៣ខែមុន​ ប៉ុន្តែ​បន្ត​ឬមិន​បន្ត​គឺ​អាស្រ័យ​លើ​គុណផល​ដែល​គាត់​មក​បង្វឹក​ក្រុម​កីឡាករ​របស់​យើង​ ឈាន​ទៅ​មុខ​ដល់​កម្រិតណា។ បើសិន​សំទុះខ្ពស់ ចាំបាច់​ត្រូវ​តែ​បន្ត ដើម្បី​ពង្រឹង​ឱ្យ​វិស័យ​បាល់ទះ​យើង​កាន់​តែ​រីកចម្រើន​ទៅមុខ»។

ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ខាង​លើ​បន្ត​ថា៖«បច្ចុប្បន្ន​នេះ ទេពកោសល្យ​របស់​កីឡាករ​យើង​មាន​ហើយ ប៉ុន្តែ​យើង​ត្រូវ​បន្ថែម​​លើបច្ចេកទេស និង​របៀបមួយ​ចំនួន ពេល​ខ្លះ​អ្វី​ដែ​ល​គ្រូ​ចិន (Li Jun) ជា​គ្រូធំមាន​ ខាង​គ្រូ​ខ្មែរ ឬគ្រូគុយបា អត់មាន ហើយ​រឿង​ខ្លះ​​អ្វី​ដែល​គ្រូ​គុយបា មាន​គ្រូចិន ឬគ្រូ​ខ្មែរ​អត់មាន ហើយ​​អ្វី​ដែល​គ្រូ​ទាំង​២អត់​មាន តែ​គ្រូ​ខ្មែរ​មាន។ ដូច្នេះ​ហើយ​យើង​​ជឿជាក់​ថា​​​សមត្ថភាព​គ្រូ​ទាំង​៣​ដាក់​បញ្ជូល​គ្នា យើង​ជឿជាក់​ថា​​ចន្លោះប្រហោង​របស់​កីឡាករ​យើង មើល​ឃើញ​កាន់​តែ​តូចៗទៅហើយ ព្រោះ​ថា​ចំណុចខ្វះខាត​បាន​បំពាក់បំប៉ន​បន្ថែម។ អីចឹង​រយៈពេល​៨ ឬ ៩ខែ​ចុងក្រោយ​នេះ ខ្ញុំ​ជឿជាក់​ថា​លោក​គ្រូៗអាច​ពង្រឹក​គុណផល​កីឡាករ​បាន​ដូច​អ្វី​ដែល​ថ្នាក់ដឹកនាំ​សហព័ន្ធ​យើង​ចង់​បាន»។

ក្រៅ​ពី​នាំ​យក​គ្រូ​បង្វឹក​មក​ពី​ប្រទេស​គុយបា សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា កំពុង​តែ​ទាក់ទង តា​ម​រយៈ​លោក​ជំទាវ​ឯក​អគ្គរាជទូត​គុយបា ឱ្យ​មាន​ការ​​រៀបចំ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​មក​ពី​គុយបា ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ផង​ដែរ នៅ​អំឡុង​ខែ​តុលា ខាង​មុខ ពោល​គឺ​ស្រប​ពេល​នឹង​ការ​រៀបចំ​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ឆ្នាំ​២០២២ បន្ថែម​ពី​លើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ផង​ដែរ៕

Share.