ប្រជាពលរដ្ឋចំនួន ៦ភូមិរស់នៅក្នុងសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ផ្ទុះការតវ៉ាជាមួយ មេឃុំសំព្រោច ដែលនាំទឹកចេញពីទំនប់ 30 កញ្ញាមកហើយមិនឲ្យពួកគាត់បើកទឹក ដែលហូរមកតាមប្រឡាយចិននោះដាក់ស្រូវរបស់ពួកគាត់។ ហេតុការណ៍នេះ​ កើតឡើងតាំងពីល្ងាចថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២១ រហូតមកដល់ព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២១ នៅតែបន្តការតវ៉ា។ 

ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ សារព័ត៌មានត្រយង ញូវស៍ថា លោកមេឃុំទៅស្នើសុំបើកទ្វារទឹកពីទំនប់ ៣០កញ្ញាមក ដោយយកឈ្មោះប្រជាពលរដ្ឋទាំងអស់ទៅស្នើសុំ ពេលបានទឹកមកហើយមិនឱ្យពួកគាត់បើកដាក់ស្រែគាត់នៅជិតៗនោះទេ បែរជាលោកមេឃុំប្រើប្រាស់ទឹកនេះ ទៅស្រោចស្រព លើផ្ទៃដីរបស់ខ្លួនជាប្រយោជន៍ខ្លួនឯង ហើយពួកគាត់បានអះអាងថា លោកមេឃុំធ្វើបែបនេះ ជារៀងរាល់ឆ្នាំមកហើយ។ 

ចំណែកលោក ពេញ ពូល មេឃុំសំព្រោច បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលលោកបើកទឹកនេះពេញស្រែរបស់លោកហើយ និងប្រជាពលរដ្ឋ មួយក្រុមទៀតដែលកំពុងតែដេកយាមទឹកតាមមាត់ប្រឡាយចិននោះពេញអស់ហើយគាត់នឹងឲ្យប្រជាពលរដ្ឋ៦ភូមិ ដែលតវ៉ា នេះបើកប្រើប្រាស់បញ្ចូលដាក់ស្រែរបស់ពួកគាត់ម្ដង ។

ប្រជាពលរដ្ឋ បានសូមសំណូមពរដល ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែដាស់តឿនមន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋនោះ គឺសូមឯកឧត្តមមេត្តាចុះជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋទាំងអស់ចំនួន ៦ភូមិបានទឹកប្រើប្រាស់ និងបញ្ចូលដាក់ស្រែផង។ បើមិនអញ្ចឹងទេ ស្រែស្រូវរបស់ពួកគាត់បានងាប់អស់ជាបណ្ដើរៗហើយ។

អត្ថបទ៖ ភ្នាក់ងារខេត្តកំពង់ធំ

Share.