ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល ប៉ុស្តិ៍រដ្ឋបាល ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌ លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌដឹកនាំ បង្ក្រាបចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ បានសម្រេច ស្រែកឆោឡោដេញតាមស្ទាក់ចាប់ខ្លួន កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ភឿន ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ហុីង ប៊ុនឡេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទាំង២នាក់ មានទីលំនៅ ក្រោយសាលាគោកបញ្ជាន់ ម្តុំលៀសហាល ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជាមធ្យោបាយរបស់ជនសង្ស័យ និងដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះមកវិញ ហើយជនរងគ្រោះធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣លើកមកហើយ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ាច ចន្នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឃ្លីក ចេញពីផ្ទះ ឆ្ពោះទៅផ្ទះម្តាយមីង នៅបុរីពិភពថ្មី២ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូក៊សង់កូរ៉េ តាមពីក្រោយមកឆក់យកទូរស័ព្ទដៃ I phone 8 plush ពីឃ្លប់ម៉ូតូ បានសម្រេចហើយ ជិះរត់គេច ទើបដេញតាម ស្រែកឆោឡោ ផ្អើលសមត្ថកិច្ច កំពុងល្បាតតាមដងផ្លូវ ជួយដេញតាមស្ទាក់ចាប់ខ្លួនបាន ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនវាន នាំទៅសំចតនៅប៉ុស្តិ៍ប៉ុស្តិ៍ភ្លើងឆេះរទេះ រួចប្រគល់ឲ្យប៉ុស្តិ៍កន្ទោក នាំទៅសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ រីឯទូរស័ព្ទដកហូតបានមកវិញ ត្រូវបានសមត្ថកិច្ចសុំគោលការណ៍ ប្រគល់ជូនជនរងគ្រិះយកទៅប្រើប្រាស់វិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.