ការិយាល័យអាកាសធាតុរបស់កោះនេះបាននិយាយថា ការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ ដែលជាតំបន់មានប្រជាជនរស់នៅតិច កាលពីថ្ងៃ អាទិត្យ ដោយបណ្ដាលឲ្យក្រឡាប់ទូរថភ្លើង និង ដួលរលំអគារមួយកន្លែង ស្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស ចំណែកភ្ញៀវទេសចរណ៍រាប់រយនាក់ទៀតជាប់គាំងនៅលើផ្លូវតំបន់ភ្នំមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ច័ន្ទ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បាននិយាយថា ចំណុចកណ្ដាលគឺនៅក្នុងស្រុក Taitung នៅបន្ដការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ចំណុចកណ្តាលត្រូវបានត្រួតពិនិត្យនៅរយៈទទឹង ២៣.១៥ ដឺក្រេ និងរយៈបណ្តោយ ១២១.៣០ ដឺក្រេ ហើយមានជម្រៅ ១០គីឡូម៉ែត្រ ប៉ុន្ដែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ ខណៈក្រុមហ៊ុននានា និង សាលារៀន បានប្រកាសផ្អាកចាប់ពីថ្ងៃ ច័ន្ទ នេះតទៅ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ១៤៦នាក់ទៀតរងរបួសដោយសារការរញ្ជួយដីនេះ។

កម្មករ​រោងចក្រ​ស៊ីម៉ងត៍​មួយ​កន្លែង​នៅ​ចំណុច​កណ្តាល​ក្រុង Yuli បាន​រង​របួស និង ស្លាប់​ បន្ទាប់​ពី​ទៅ​ដល់​មន្ទីរពេទ្យ ខណៈអគារកម្ពស់ ៣ជាន់ ក្នុងទីក្រុងមួយនេះក៏បានបាក់រលំសង្កត់មនុស្ស ៤នាក់ ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ប្រហែល ៣ម៉ោងក្រោយមក មនុស្សទាំង ៤នាក់ រួមទាំងក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។

ទន្ទឹមនោះ រថភ្លើង​មួយ​ខ្សែ​បានបង្វែរទិសដៅ បន្ទាប់ពី​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង ខណៈ​​ស្ពាន ​២​កន្លែងក៏បានបាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ ៣នាក់​រង​របួស។ ទោះជាយ៉ាងណា ក្រោយមកពួកគេក៏ត្រូវបានជួយសង្គ្រោះផងដែរ ខណៈអ្នកទេសចរជាង ៤០០នាក់ ត្រូវបានជាប់គាំងនៅតំបន់ភ្នំក្នុងទីក្រុង Yuli។

សូមជម្រាបថា តៃវ៉ាន់បានគ្រោះរញ្ជួយដី ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ពោលការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័របានវាយលុកកោះនេះនៅម៉ោង ៩:៤១នាទីយប់ ថ្ងៃសៅរ៍ ហើយមានការញ័រជាង ១០០ដង។ បន្ទាប់មកការរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារតំបន់ Taitung នៅម៉ោង ១:១៩នាទីរសៀល ក្រោយមកគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័របានវាយប្រហារតំបន់ Hualien នៅម៉ោង ៥ និង ៣៩ នាទីល្ងាចថ្ងៃអាទិត្យ៕

ប្រភព៖ Reuters

Share.