វីដេអូចុងក្រោយគេនៃកម្មវិធី Running Man បានបង្ហាញពីសមាជិកទាំងអស់បានបង្ហាញសមត្ថភាពរាំជាក្រុមនៅក្នុងខួប ៩ឆ្នាំ Running Man Fan Meeting ខណៈចប់ការសម្ដែង តារាសម្ដែងស្រីល្បីឈ្មោះ Song Ji Hye មិនអាចទប់ទឹកភ្នែកបាន។
បន្ទាប់ពីការសម្ដែងសិល្បៈដ៏អស្ចារ្យ «Bloom & Just Blow» សមាជិកទាំងអស់បានបង្ហាញពីការគិតរបស់គេរៀងៗខ្លួនជាមួយនឹងអ្នកទស្សនា។

ខណៈតារាកំប្លែងនិងពិធីករ Ji Suk Jin ដែលជាសមាជិកមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថា «ខ្ញុំមិនមែនជាប្រភេទមនុស្សចូលចិត្តបញ្ចេញមនោសញ្ចេតនានោះទេ តែនៅពេលដែលយើងរាំចប់ហើយអ្នកទាំងអស់គ្នាទះដៃសាទរ ខ្ញុំស្រាប់
តែមានអារម្មណ៍ក្ដុកក្ដួលចិត្ត ខ្ញុំខានមានអារម្មណ៍បែបនេះយូរណាស់មកហើយ។ អរគុណសម្រាប់អារម្មណ៍មួយនេះ។ខ្ញុំខានមានអារម្មណ៍បែបនេះរយៈពេល២០ឆ្នាំមកហើយ»។
អ្នកបន្ទាប់ដែលត្រូវបង្ហាញពីចំណាប់អារម្មណ៍គឺ Song Ji Hyo ហើយនៅពេលដែល Fan ចាប់ផ្ដើមស្រែកអបអរខ្លាំងៗ តារាស្រីរូបនេះស្រាប់តែហូរទឹកភ្នែក ហើយរកសំឡេងខ្លួនឯងនិយាយលែងចង់ចេញ។ ពេលនោះពិធីករ Yoo Jae Suk បាននិយាយបែបកំប្លែងថា៖ « បងប្រុស Suk Jin ចង់ធ្វើរបៀបនេះ ប៉ុន្តែ Ji Hyo ធ្វើបានចំពេលវេលាល្អជាង»។ នៅពេលដែល Ji Suk Jin សម្ដែងធ្វើជាតូចចិត្តក្រោយឮ Jae Suk និយាយ គឺធ្វើបានល្អប្រៀបដូចជាការពិត។
Song Ji Hyo បានបន្តជូតទឹកភ្នែករបស់ខ្លួនហើយនិយាយថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលតែងតែគាំទ្រចំពោះសមាជិកទាំងអស់រហូតមក។ ក្ដីស្រលាញ់និងការអរគុណដែល Song Ji Hyo បានផ្ដល់សម្រាប់អ្នកគាំទ្ររបស់ខ្លួនត្រូវបានមើលឃើញយ៉ាងច្បាស់នៅក្នុងកម្មវិធីខួប ៩ឆ្នាំ «Running Man ជួបជុំក្រុមអ្នកគាំទ្រ»។

សូមរំលឹកឡើងវិញថា «Running Man» គឺជាកម្មវិធី Game Show ដ៏ល្បីល្បាញដែលមានសមាជិកប្រចាំបច្ចុប្បន្នចំនួន៨នាក់ ក្នុងកម្មវិធីមានអញ្ជើញតារាកិត្តិយសជាតារាចម្រៀង ឬតារាសម្ដែងមកចូលរួមលេងហ្គេម ដើម្បីប្រកួតប្រជែងគ្នារកអ្នកឈ្នះនៅចុងក្រោយនៃកម្មវិធី។ សូម្បីតែតារាសម្ដែងដ៏ល្បី Song Joong Ki ក៏ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍របស់កម្មវិធីនេះផងដែរ៕
ទស្សនាការសម្ដែងកម្មវិធីខួបអនុស្សាវរីយ៍៩ឆ្នាំ កម្មវិធី Running Man ក្នុងបទ «Bloom & Just Blow» ខាងក្រោមនេះ៖
