ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​បាន​សម្រេច​ ១គ្រាប់ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​​រវាង​ក្រុម U23 កម្ពុជា ទល់​ក្រុម U23 ជប៉ុន បាន​ធ្វើ​ឱ្យ​កីឡាករ​ ជួន ចាន់ចាវ ជាប់​កំណត់ត្រា​ជា​កីឡាករ​ដំបូង​ដែល​ទាត់​ចូល​ទីក្រុម Samurai Blue ខណៈ​៣ប្រកួត​ផ្លូវការ​​គិត​ត្រឹម​ថ្ងៃ​នេះ​ កម្ពុជា របូត​គ្រាប់​បាល់​រហូត​ដល់​៩គ្រាប់។

លទ្ធផល​សរុប​ក្រោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ថៃ Warintorn Sassadee ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត ក្រុម U23 កម្ពុជា បន្ត​ចាញ់​ក្រុម U23 ជប៉ុន ជា​លើក​ទី៣ ដោយ​លទ្ធផល ៣-១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​អង្គារ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ។កីឡាករ Komori Hiiro រក​បាន​គ្រាប់​បាល់ទី១ ហើយ​កីឡាករ Fujii Kaito រក​បាន​គ្រាប់​បាល់ទី២​អោយ​ជប៉ុន និង​គ្រាប់​ទី៣ រក​បាន​ដោយ​កីឡាករ​ Mizuno Hayata។ ចំណែក​គ្រាប់​បាល់​វាយ​បក​​របស់​កម្ពុជា រក​បាន​ដោយ ជួន ចាន់ចាវ។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ក្រុម U23 កម្ពុជា មុន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​នឹង​មក​ដល់​ក្នុង​ខែ​ឧសភា ឆ្នាំ​ក្រោយ។

ដូច្នេះ​លទ្ធផល​ជួប​គ្នា​ផ្លូវការ​ទាំង​៣​លើក​រវាង​ក្រុម U23 កម្ពុជា ជាមួយ​ U23 ជប៉ុន៖
-វគ្គជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​ឆ្នាំ​២០១៧៖ U23ជប៉ុន ៤-០ U23 កម្ពុជា (នៅ​ភ្នំពេញ)
-វគ្គជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​ឆ្នាំ​២០២១៖ U23 កម្ពុជា ០-២ U23 ជប៉ុន (នៅ​ជប៉ុន)
-មិត្តភាព​អន្តរជាតិ ឆ្នាំ​២០២២ ៖ U23 កម្ពុជា ១-៣ U23 ជប៉ុន (នៅ​ភ្នំពេញ)

Share.