ភ្នំពេញ÷បើតាមប្រភពពីម្ចាស់ផ្ទះដែលរងគ្រោះបានអោយដឹងថា ខ្លួនកំពុងតែសម្រាកនៅក្នុងផ្ទះសុខៗ ស្រាប់តែលាន់ឮសូរប្រាវ ខ្លួនក៏ស្ទុះចេញមកមើល ក៏ឃើញបុរសម្នាក់នៅក្នុងរថយន្តលុចស៊ីស nx200t មួយគ្រឿងពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 2BB-0567 បើកបរតាមបណ្ដោយផ្លូវ 1800 ក្នុងទិសដៅពីកើតលិច មកបុកដើមស្ដៅមួយដើមនៅមុខផ្ទះ បណ្ដាលឲ្យបាក់រលំរាបដល់ដី ប្រភពដដែលបានបន្តទៀតថា រថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកចូលផ្ទះរបស់ខ្លួន បណ្ដាលឲ្យរងការខូចខាតទ្វារផ្នែកខាងមុខ រថយន្ត highlander មួយគ្រឿង ម៉ូតូមួយគ្រឿង ទូតាំងម៉ាឡាកាំង ជញ្ជាំងផ្ទះបាក់អស់មួយផ្ទាំងហើយរថយន្តបន្តទៅបុកផ្លាកប៉ាណូមួយដើមទៀត បណ្ដាលអោយ រលំត្រេតវៀចទៀត ទើបអស់ល្បឿនទៅមុខលែងរួច ឯងរថយន្តបង្កររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 1:30 នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ទួលសង្កែ 2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖ត្រយងតូច

Share.