ថ្លែងប្រាប់ក្រុមអ្នកកាសែត នាឱកាសចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញការមិនគាំទ្រឡើយចំពោះទស្សនៈដែលថាការវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរបស់ក្រុមហ៊ុនចិន គឺដើម្បីប្រមូលយកលុយពីពលរដ្ឋខ្មែរ។ ឯកឧត្តមមានប្រសាសន៍ថា«មិនមែនចិនមកប្រមូលលុយខ្មែរទេ ចិនដាក់លុយដុំ២ពាន់លាន(ដុល្លារ) ចិនយកលុយរាយបន្តិចម្ដងៗដើម្បីយកទៅរម្លោះលុយរបស់គាត់វិញ»។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានប្រវែង១៨៧.០៥គីឡូម៉ែត្រ និងវិនិយោគទឹកប្រាក់ចំនួន២០១៩លានដុល្លារ និង​សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.។ ការចំណាយសម្រាប់ធ្វើដំណើរ ជាមធ្យមគឺប្រមាណ៨សេនក្នុង១គីឡូម៉ែត្រ ឬប្រមាណ១៥ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរពីភ្នំពេញ​ដល់ព្រះសីហនុ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល រយៈពេល១០ឆ្នាំដំបូង ក្រុមហ៊ុនចិននឹងមិនទទួលបានប្រាក់ចំណេញទេ។ នេះបើតាមការពិនិត្យមើលតាមតួលេខ និងបច្ចេកទេស។ ឯកឧត្តមបន្ថែមថា«ក្រៅពីគាត់បានកម្រៃពីយើងប្រើប្រាស់ផ្លូវហើយនោះ តម្លៃបន្ថែម១០ភាគរយ(ពន្ធ)ត្រូវបង់ជូនទៅរដ្ឋយើង ដូច្នេះរដ្ឋយើងត្រូវចំណេញលើពន្ធបន្ថែម។ ក្រុមហ៊ុនរកស៊ីចំណេញត្រូវបង់ពន្ធជូនរដ្ឋយើង២០ភាគរយ។ មួយទៀតចាប់ពីឆ្នាំទី១១ទៅ នឹងមានការបែងចែកចំណូលរបស់គាត់មួយចំនួនបង់ជូនរាជរដ្ឋាភិបាល»។

ចប់រយៈពេល៥០ឆ្នាំ តើក្រុមហ៊ុនមានកាតព្វកិច្ចអ្វីទេ? ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា«ចប់៥០ឆ្នាំ គាត់ត្រូវជួសជុលផ្លូវនេះឱ្យល្អដូចផ្លូវយើងមិនទាន់បើក(សម្ពោធ)ឱ្យស្អាត ហើយប្រគល់ជូនមករាជរដ្ឋាភិបាលយើងទាំងស្រុកមកវិញ»។ ក៏នៅមានផលចំណេញផ្សេងទៀតដែរដែលឯកឧត្តម ស៊ុន ចាន់ថុល សម្លឹងឃើញពីការវិនិយោគរបស់ក្រុមហ៊ុន ក្នុងនោះរួមទាំងធនធានមនុស្សជាពលរដ្ឋខ្មែរដែលមានពិសោធធ្វើការជាមួយក្រុមហ៊ុនផងដែរ៕

Share.