ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានបញ្ជាក់ច្បាស់ថាក្រុមជម្រើសជាតិ រុស្ស៊ី ត្រូវបានដកឈ្មោះពីការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ជាផ្លូវការដែលរៀបចំនៅអាល្លឺម៉ង់ឡើយ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។
ការចាប់ឆ្នោតវគ្គជម្រុះសម្រាប់ Euro 2024 ដែលអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅនៅទីក្រុង Frankfurt នៅថ្ងៃទី០៩ ខែតុលា ខាងមុខ។ ខណ:ដែលប្រទេសរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប៉ុន្តែការប្ដឹងទាំងនោះត្រូវបានច្រានចោលនៅក្នុងខែកក្កដា។
ស្របពេលក្រុមជម្រើសជាតិរុស្សុីឈុតនារី ក៏ត្រូវបានហាមមិនអនុញ្ញាតឱ្យចូលរួមប្រកួតពានរង្វាន់ Euro Women’s Championship ២០២២ ដែលប្រទេសអង់គ្លេសទើបលើកពានដូចគ្នា បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បើកការឈ្លានពានចូលទៅកាន់ប្រទេសអ៊ុយក្រែន។
គួរឱ្យដឹងថាក្រៅពីជម្រើសជាតិរុស្សុី ក្លិបបាល់ទាត់ដែលប្រកបអាជីពនៅក្នុងប្រទេសរុស្សី ក៏មិនមានសិទ្ធិចូលលេងពានរង្វាន់ដែល UEFA រៀបចំផ្សេងទៀតដូចជា៖ UEFA Champions League, UEFA Europa League និង UEFA Conference League លើសពីនេះទៅទៀត UEFA ក៏បានបញ្ចប់កិច្ចព្រមព្រៀងដៃគូឧបត្ថម្ភពីក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលរបស់រុស្ស៊ីផងដែរ។
បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី កំពុងពិចារណាចាកចេញពីសហព័ន្ធបាល់ទាត់អឺរ៉ុប (ដែលហៅកាត់ថា UEFA) និងទៅចូលរួមជាមួយសហព័ន្ធអាស៊ី (ដែលហៅកាត់ថា AFC) វិញបន្ទាប់ពីក្លិប និងក្រុមជម្រើសជាតិរបស់ខ្លួនត្រូវបានហាមឃាត់ពេញតំបន់អឺរ៉ុប៕