ភ្នំពេញ ៖ ហ្គេមអនឡាញ ហ្គេមអុីធើណេត បើកលេងពង្វក់ក្មេងសិស្សសាលាជម្ពូវ័នរាប់ឆ្នាំមកហើយ បង្កឲ្យក្មេងសិស្សសាលាមួយចំនួនញៀនវក់នឹងហ្គេម ល្បែងសុីសងតាមអនឡាញ ឃ្លាតឆ្ងាយពីការសិក្សារៀនសូត្រ នៅមុខក្បែរវិទ្យាល័យជម្ពូវ័ន ទើបតែពេលនេះ ក្រោយពីមានបទបញ្ជាពីសម្តេចហ៊ុន សែន បានបែកធ្លាយទីតាំងហ្គេមខាងលើ គណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាប ឃាត់ខ្លួនក្មេងសិស្សសាលា១០នាក់ ដកហូតសម្ភារៈមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅខាងមុខវិទ្យាល័យជម្ពូវ័ន ខាងក្រោយ ហាងថតរូបល្អពេញចិត្ត ផ្ទះលេខ B7និងB8 ២ល្វែងជាប់គ្នា យុីហោ ស្កាយអុីនធើណេត ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមបងប្អូនប្រជាពលរដ្ឋ មាតាបិតាសិស្ស បានឲ្យឡើងថា ដូចជាជ្រុលពេលហើយ មានផ្ទះ ហាងហ្គេម ល្បែង សុីសងតាមអុីធើណេត ទោះជាមានច្បាប់ក្តី មិនមានច្បាប់ក្តី ដែលដាក់ទីតាំងក្បែរសាលារៀន ជាហេតុធ្វើឲ្យក្មេងសិស្សសាលាមួយចំនួន គេចវេះពីការរៀនសូត្រ ភ្លេចអស់ហើយថ្នាក់រៀន ឈ្លក់វង្វេងនឹងហ្គេម ល្បែងសុីសង។ ប្រជាពលរដ្ឋលើកឡើងទៀតថា ទំពាងស្នងឫស្សី តែដល់ពេលវក់វង្វេងបែបនេះ ទំពាំងមួយចំនួនស្អុយបាត់ទៅហើយ ហើយពេលនេះពួកគាត់សាទរ រាល់ការបង្ក្រាបបនល្បែងសុីសង ផ្ទះហ្គេមអុីនធើណេត ។

ទីតាំងផ្ទះហ្គេមខាងលើ កន្លងមកមិនដែលឃើញសមត្ថកិច្ច អាជ្ញាធរចុះណែនាំ បង្ក្រាប ទប់ស្កាត់ ដែលបណ្តោយឲ្យក្មេងសិស្សសាលាចូលលេង ទាល់តែសម្តេចដាក់បទបញ្ជាខ្លាំងៗ ទើបបែកធ្លាយ ចុះបង្ក្រាប ។

ក្នុងប្រតិបត្តិការខាងលើ អាជ្ញាធរខណ្ឌ សង្កាត់ សមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលផ្លូវច្បាប់ ចាប់ឃាត់ក្មេងសិស្សសាលាញៀនហ្គេមបាន១០នាក់ ដកហូតសម្ភារៈបានមួយចំនួនធំ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.