កណ្តាល ៖ ស្ត្រីម្នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍ រថយន្តដឹកបេតុង បើកចុះពីលើស្ពានព្រែកតាមាក់ ដាច់ហ្វ្រាំង បោលទៅបុករង្វង់មូល រួចក្រឡាប់វិលអូស ចូលទៅដេប៉ូតេលានៅក្បែរនោះ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកហុីណូ ពណ៌បៃតង ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0276 ដឹកបេតុង បើកបរដោយបុរសម្នាក់ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបើកចុះពីលើស្ពានព្រែកតាមាក់ ពីលិចទៅកើត ហើយ ខណៈដែលកំពុងបើកចុះ ហ្វ្រាំងមិនជាប់ រថយន្តកាន់តែបោលលឿន ចុះជ្រុលទៅបុកប៉ះរង្វង់មូល ហើយក្រឡាប់ វិលអូសចូលទៅដេប៉ូលក់ប្រេងតេលា ទៅបុកទាំងស្ត្រីម្នាក់កំពុងអង្គុយលក់ដូរ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ភ្លាមៗអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យផលប៉ះពាល់ជាក់ស្តែង សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រួមទាំងអ្នកបើកបរផង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.