សៀមរាប៖ ផ្ទះប្រជាពលរដ្ឋនៅស្រុកស្រីស្នំ ខេត្តសៀមរាបជាង ៧០០ខ្នង សាលារៀនជាច្រើនកន្លែង​ត្រូវបានទឹកជន់លិចដោយសារជំនន់ទឹកភ្លៀង។

 តាមប្រភពព័ត៌មានបានឲ្យដឹងថា  មានផ្ទះប្រជាពលរដ្ឋ ចំនួន៧២៧ខ្នង វត្ត៣ សាលាឃុំ៣ មណ្ឌលសុខភាព១ ផ្លូវគ្រួសក្រហម៤៦,៤៦០ម៉ែត្រ ស្រូវ៣,៥២៩ហិកតា ដំណាំដំឡូងមី៦១៥ហិកតា រងការជន់លិចដោយសារភ្លៀងបានធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃពោលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២២ គួបផ្សំមានទឹកហូរធ្លាក់មកពីស្រុកអន្លង់វែងផងដែរ។

ប្រភពដ៏ដែលបានឲ្យដឹងទៀតថា ឃុំចំនួន៥នៅក្នុងស្រុកស្រីស្នំ ដែលទទួលរងនៅការជន់លិចដោយសាជំនន់ទឹកភ្លៀងមានដូចជា  ឃុំស្លែងស្ពាន   ឃុំក្លាំងហាយ ឃុំប្រីយ៍ ឃុំត្រាំសសរ និងឃុំជ្រោយនាងងួន  ដែលរងការជន់លិចផ្ទះសម្បែង ​សាលារៀន វត្តអារាម ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ហម សុផល នាយករដ្ឋបាលស្រុកស្រីស្នំបានឲ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់នោះត្រូវបានផ្លាស់ទីទៅស្នាក់នៅទីទួលសុវត្ថិភាពហើយ។ កំពស់ទឹកស្ទឹងស្រែងភ្នំស្រីស្នំ​ ព្រឹកថ្ងៃទី២២ ខែកញ្ញា មានកម្ពស់ដល់២៧,៥០ម៉ែត្រ គឺដល់កម្រិតប្រកាសអាសន្នហើយ ខណៈ​ព្រឹកនេះភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ ប្រសិនភ្លៀងនៅតែបន្តធា្លក់ទៀត រួមទាំងមានទឹកធ្លាក់មកពីអូរធ្លក អូរក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យទៀតនោះ នឹងធ្វើឲ្យឃុំចំនួន៣ គឺឃុំក្លាំហាយ ឃុំប្រីយ៍ និងឃុំត្រាំសសរ រងការជន់លិចកាន់តែខ្លាំង។

ក្នុងនោះដែរ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សៀមរាប ក៍បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀម បង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

Share.