ការសិក្សារៀនសូត្រ គឺមានទាំងចំណេះរឹង និងចំណេះទន់ ក្នុងនោះជំនាញផ្សព្វផ្សាយព័ត៌មាន គឺទាមទារឲ្យមានការដុះខាត់ជាប្រចាំ ដើម្បីរាល់ការផ្សព្វផ្សាយកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឆ្លើយតបទៅកាន់មហាជន និងការងារជំនាញរបស់ខ្លួន។ ដោយយល់ឃើញការបណ្ដុះបណ្ដាលមានសារសំខាន់ នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបើកវគ្គបណ្ដុះបណ្ដាលប្រធានបទចំនួន២ គឺសិល្បៈនៃការសរសេរព័ត៌មានតាមបណ្ដាញសង្គម និងសិល្បៈនៃការថតរូបតាមទូរសព្ទ ដោយការណ៍ចែករំលែកបទពិសោធន៍ ពីអ្នកជំនាញមកពីអង្គភាពសារព័ត៌មានត្រយង។ 

ថ្លែងបើកវគ្គបណ្ដុះបណ្ដាល នៅនាយកដ្ឋាននគរបាលព្រំដែន នារសៀលថ្ងៃទី២២ ខែកញ្ញា ២០២២នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលចប្ចេកទេសព្រំដែន បានមានប្រសាសន៍ថា អង្គភាពខ្វះខាតអ្នកជំនាញទាំងពីរប្រធានបទខាងលើនេះ ម៉្លោះហើយដើម្បីធ្វើឲ្យការផ្សព្វផ្សាយលើបណ្ដាញសង្គមកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល អង្គភាពបានសហការជាមួយសារព័ត៌មានត្រយង ដើម្បីបើកវគ្គបណ្ដុះបណ្ដាលទាំងពីរជំនាញនេះដល់ក្រុមមន្រ្តី។ 

ជុំវិញបញ្ហានេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក វូ ហាក់ ផ្ដាំផ្ញើឲ្យក្រុមន្រ្តីខិតខំក្រេបជញ្ជក់លើការថតរូបភាព និងការសរសេររបាយការណ៍ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ «នៅក្នុងសម័យបច្ចេកវិទ្យា មន្រ្តីត្រូវដើរឲ្យទាន់សម័យកាល នៃការធ្វើការតាមបែបឌីជីថល ដើម្បីឲ្យលឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់ចំពោះការងារ»

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីមន្រ្តីជំនាញមកពីនាយកដ្ឋាននគរបាលព្រំដែន ជាពិសេសក្រុមជំនួយការ និងការចែករំលែកបទពិសោធដោយអ្នកជំនាញមកពីសារព័ត៌មានត្រយង ដែលមាន លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករងសារព័ត៌មានត្រយង និងលោក ប៊ិន ប៊ុណ្ណា និពន្ធនាយកសារព័ត៌មានត្រយង។ វគ្គបណ្ដុះបណ្ដាលនេះ មានពីរប្រធានបទ គឺប្រធានបទទី០១ ផ្ដោតលើ៦ចំណុច រួមមាន៖ 

  • ១.វិធីសាស្រ្តប្រើប្រាស់ទូរសព្ទដៃដើម្បីថតរូប
  • ២.មូលដ្ឋានគ្រឹះនៃការចាប់ប្លង់រូបភាព
  • ៣.ប្លង់ Close Up ចែកចេញជា៣
  • ៤.អ្វីទៅជាសមាសភាពនៃរូបភាព?
  • ៥.Camera Angle 
  • ៦.ការយល់ដឹងអំពីអ្នកថតរូប។ 

ចំពោះប្រធានបទទី២ មាន៦ចំណុចដែរ រួមមាន៖ 

  • ១.ប្រព័ន្ធផ្សព្វផ្សាយ
  • ២. អត្ថន័យព័ត៌មាន
  • ៣.ធាតុផ្សំព័ត៌មាន
  • ៤.វិធីសរសេរបែបពិធីការ
  • ៥.វិធីសរសេរបែបចាប់មុំ
  • ៦.វិធីសរសេរព័ត៌មានតាមបណ្ដាញសង្គម

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករងសារព័ត៌មានត្រយង បានមានប្រសាសន៍ថា ប្រធានបទពីរខាងលើនេះ គឺជាមូលដ្ឋានគ្រឹះនៃសិល្បៈថតរូប និងការសរសេរដំណឹងតាមបណ្ដាញសង្គម តែប៉ុណ្ណោះ។ «យើងចង់សរសេរដំណឹង ឬព័ត៌មានអ្វីមួយបង្ហោះតាមបណ្ដាញសង្គម គឺកុំសរសេរព័ត៌មានបែបពិធីការពេក គឺត្រូវចាប់មុំដែលសំខាន់នាំមុខ ទើបសំណេរដែលបង្ហោះលើបណ្ដាញសង្គមមានការចាប់អារម្មណ៍»។ 

លោក ប៊ិន ប៊ុណ្ណា និពន្ធនាយកបានចែករំលែកខ្លីៗដែរថា សំណេរល្អត្រូវភ្ជាប់រូបភាពល្អ ហើយទូរសព្ទកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ក្រៅពីអាចនិយាយគ្នាបាន ទូរសព្ទអាចធ្វើការទំនាក់ទំនងតាមអនឡាញ កិច្ចការរដ្ឋបាល និងការថតរូបបានយ៉ាងល្អ ហើយទូរសព្ទ មានពេលខ្លះងាយចល័ត និងថតរូបបានគ្រប់ទីតាំង គ្រប់កាលៈទេសៈ ប៉ុន្ដែដែលសំខាន់គឺការស្គាល់ប្លង់ថត ដើម្បីធ្វើឲ្យរូបភាពកាន់តែមានភាពទាក់ទាញ។ «ទូរសព្ទថ្លៃ ត្រូវច្នៃប្រើប្រាស់ឲ្យអស់លទ្ធភាព»។ នេះជាការលើកឡើងបន្ថែមពីលោក ប៊ិន ប៊ុណ្ណា។ 

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ គឺជាមូលដ្ឋានគ្រឹះបឋមនៃការឲ្យស្គាល់អំពីការប្រើប្រាស់ទូរសព្ទសម្រាប់ថតរូប និងរបៀបសរសេរដំណឹងបង្ហោះលើបណ្ដាញសង្គម ហើយវគ្គក្រោយៗទៀត នឹងមានការចែករំលែកប្រធានបទផ្សេងៗទៀតទាក់ទងនឹងការផ្សព្វផ្សាយ។ នេះជាគំនិតប្រកបដោយភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីតាមសម័យបណ្ដាញព័ត៌មានឌីជីថល ដែលផ្ដួចផ្ដើមដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលចប្ចេកទេសព្រំដែន៕ 

Share.