បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ចុះងូតទឹកអូរ ស្របពេលដែលស្ថានភាពទឹកកំពុងហក់ឡើង ហូរខ្លាំង ទប់ខ្លួនមិនជាប់ប៉ើងគួចលង់លិចបាត់ខ្លួនមួយយប់ រហូតដល់ព្រឹកឡើងវេលាម៉ោង៧ ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបរកសពឃើញ នៅចំណុចខាងត្បូងភូមិគោកច្រាប ជាប់ព្រំប្រទល់ភូមិគោកក្រសាំង ស្ពានឫស្សីកាត់ប្រឡាយធំ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សពស្ត្រីរងគ្រោះមានឈ្មោះ សយ សេក អាយុ៣៤ឆ្នាំ កសិករ រស់នៅភូមិឃុំកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ស្របពេលដែលស្ថានភាពទឹកកំពុងហក់ឡើង ហូរខ្លាំង ដោយសារភ្លៀងនៅបន្តធ្លាក់ នៅវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះទៅចុះងូតទឹកអូរ ទប់ខ្លួនមិនជាប់ ប៉ើងហូរគួចតាមទឹក លង់លិចបាត់ ក្រុមគ្រួសារ ប្រជាពលរដ្ឋ ផ្អើលនាំគ្នាស្វែងរកទាំងយប់ តែមិនឃើញ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ទើបប្រទះឃើញសពស្ត្រីរងគ្រោះ ហូរទើរជាប់ស្ពានឈើទទឹងអូរ ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ច គ្រូពេទ្យ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.