ឯកឧត្តម រស់ សុវចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់សារព័ត៌មានត្រយងថា គ្រឹះស្ថានអប់រំនៅមិនទាន់បើកដំណើរការឡើងវិញនោះទេ ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់បានបិទបញ្ចប់នៅឡើយ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានផេកមួយបានសរសេរថា «សេចក្ដីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា និងសម្រេចបើកគ្រឹះស្ថានសិក្សាចំពោះប្អូនៗថ្នាក់ទី១២ នៅថ្ងៃទី១៥ ខែមិថុនា ២០២១ ខាងមុខនេះ»។ ការចុះផ្សាយនេះ ឯកឧត្តម រស់ សុវាចា បានច្រានចោល ហើយចាត់ទុកថា ជាព័ត៌មានក្លែងក្លាយ។ ទន្ទឹមនឹងនេះ ផេកដែលបានយក ឡូហ្គោ ក្រសួងអប់រំ ដោយយកទៅប្រើប្រាស់មិនមានការអនុញ្ញាត គឺប្រឈមមុខច្បាប់។ ឯកឧត្តម រស់ សុវាចា បន្ថែម។

ឯកឧត្តម រស់ សុវាចា បានឲ្យដឹងទៀតថា ជារួមក្រសួងអប់រំនៅបន្ដបិទ សាលារៀនទាំងឯកជន និងរដ្ឋ ព្រោះតែព្រឹត្តិការណ៍សងហគមន៍ ២០កុម្ភៈ នៅមិនទាន់បិទបញ្ចប់នៅឡើយ។ ទន្ទឹមនឹងនេះ ប្រសិនបើមានការបើកសាលារៀនរដ្ឋឡើងវិញនាពេលណាមួយឡើងវិញ ក្រសួងផ្ដោតលើវិធានការសុវត្ថិភាព សុខភាព ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។
ឯកឧត្តម បានបន្ដទៀតថា ការប្រលងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើការជម្រាបជូនសាជាថ្មី។ ចំពោះមុខនេះ អាណាព្យាបាល សិស្សានុសិស្ស មេត្តាបន្ដអនុវត្តនូវវិធានការ៣ការពារ និង៣កុំ។ ទន្ទឹមនឹងនេះ ក្រសួងលើកទឹកចិត្តដល់សិស្សកំពុងសិក្សាត្រៀមប្រលង បន្ដការខិតខំសិក្សាពីចម្ងាយ និង តាមរយេៈអនឡាញ ហើយថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជា និងពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ១៩នៅឡើយ ហើយក្នុងបរិបទនេះ ក្រសួងអប់រំនៅតែបន្ដពង្រឹង និងពង្រីកគុណភាពអប់រំ ផងដែរ៕