មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះបាន ក្រសួងសាធារណៈការ បានផលិតវីដេអូអប់រំខ្លីមួយ ណែនាំដល់អ្នកបញ្ជាយានយន្ត នូវ “លក្ខខណ្ឌបេីកបរលេីផ្លូវល្បឿនលឿន” មុននឹងចាប់ផ្ដើមប្រើប្រាស់ផ្លូវនេះ ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។

ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៦កន្លែង មាន​​កន្លែង​ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤។ ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿនថ្មីសម្រាប់កម្ពុជា ដូច្នេះបងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវយល់ដឹងអំពី “លក្ខខណ្ឌបេីកបរលេីផ្លូវល្បឿនលឿន” ជាមុនសិនតាមរយៈវីដេអូនេះ។ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយសុវត្ថិភាព៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share.