ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជនដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿន ដោយឥតគិតថ្លៃក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ការអនុញ្ញាតឱ្យប្រើប្រាស់នេះ គឺដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជន ឱ្យបានទូលំទូលាយ។

តើយានយន្តណាខ្លះអាចប្រើប្រាស់ផ្លូវនេះបាន? ក្រសួងបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់ រួមមានរថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរិមាលើសពី៧០គ.ម/ម៉ោង ( កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។

យ៉ាងណាក៏ដោយ ក្រសួងបានក្រើនរំលឹកសាធារណជនចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួនដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

បន្ថែមពីនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ៕

Share.