តារាចម្រៀង ចែម ស្រីល័ក្ខបានឱកាសច្រៀងបទចម្រៀង អមតៈ «ស្នាមស្នេហ៍សមុទ្ររាម» ដែលជាបទចម្រៀងល្បីល្បាញ ធ្លាប់បានបកស្រាយដោយកំពូលតារាចម្រៀងល្បីនិងឈានមុខគេ អ្នកនាង ឱក សុគន្ធកញ្ញា ដោយបទនេះដែរ ទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា កាលពីជាង១០ឆ្នាំមុន។ តើអ្នកពេញចិត្តមួយណាជាង រវាងការច្រៀងតាមបែបស្ទីល កញ្ញា ចែម ស្រីល័ក្ខ ឬ មួយក៏ការច្រៀងតាមបែបស្ទីល អ្នកនាង ឱក សគន្ធកញ្ញា?
«រលកបោកច្រាំង ទុកនៅស្លាកស្នាមសាក្សី បេះដូងឈាមស្រី ដាមនិស្ស័យជាសញ្ញា ស្នាមយើងវះសាច់លើស្មា បងអើយទោះជាមរណា ក៏ចិត្តស្នេហាគ្មានថ្ងៃភ្លេចបាន» នេះគឺជាប្រយោគខ្លីដកស្រង់ចេញពីបទចម្រៀងច្រៀងដោយ អ្នកនាង ឱក សុគន្ធកញ្ញា ដាក់ក្នុងរឿងភាគខ្មែរ ស្នាមស្នេហ៍សមុទ្ររាម បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ដែលបទនោះជាបទល្បីល្បាញខ្លាំងកាលពីជាង១០ឆ្នាំមុន។

យ៉ាងណាមិញ បទចម្រៀងនេះត្រូវបានយកមកច្រៀងជាថ្មីឡើងវិញ ដោយកញ្ញា ចែម ស្រីល័ក្ខ ដាក់បញ្ចូលក្នុងរឿង ស្នាមស្នេហ៍សមុទ្ររាម ដែលថតឡើងថ្មីក្រោមស្នាដៃដឹកនាំដោយផ្ទាល់ពីអ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតករនិងអ្នកដឹកនាំជើងចាស់ ប្រកបដោយបទពិសោធខ្ពស់ ដោយរឿងថ្មីនេះ នឹងត្រៀមបញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខនេះ។

«ស្នាមស្នេហ៍សមុទ្ររាម» កំពុងក្លាយជាភាពយន្តភាគថ្មីមួយទៀតរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលមានអ្នកគាំទ្ររង់ចាំតាមដាន និង ទន្ទឹងចង់ទស្សនា ព្រោះផលិតករនិងអ្នកដឹកនាំធ្លាប់បានបង្ហើបឱ្យដឹងថារឿង «ស្នាមស្នេហ៍សមុទ្ររាម» ថតថ្មីនេះ នឹងចែកចេញជាពីរវគ្គដែលវគ្គទីមួយនឹង រៀបរាប់រឿងរ៉ាវស្នេហាខកបំណងរបស់តួអង្គឪពុកម្ដាយ ខណៈវគ្គទីពីរនឹងរៀបរាប់ពីរឿងរ៉ាវស្នេហានៅក្នុងជំនាន់កូនៗ ដែលជាស្នេហាមួយបានសមបំណង។
តារាចម្រៀងទាំងពីរដួង បានបកស្រាយចម្រៀងនេះពីរោះរណ្ដំសណ្ដំដួងចិត្តអ្នកស្ដាប់ឱ្យអន្លង់អន្លោចតាម មួយបែបម្នាក់អាចនិយាយបានថា ទឹកសំឡេងរបស់តារាទាំងពីរនាក់នេះពិតជាពីរោះស្ដាប់ហើយគួរឱ្យចាប់ស្ដាប់ទៀតមិនចេះជិនណាយ។ ចង់ដឹងថា បទចម្រៀង «ស្នាមស្នេហ៍សមុទ្ររាម» ច្រៀងដោយតារាទាំងពីរពីរោះរងំយ៉ាងណានោះ សូមតាមដានដូចតទៅ៖
បទចម្រៀង «ស្នាមស្នេហ៍សមុទ្ររាម» ច្រៀងដោយ ចែម ស្រីល័ក្ខ ខាងក្រោមនេះ៖
បទចម្រៀង «ស្នាមស្នេហ៍សមុទ្ររាម» ច្រៀងដោយ ឱក សុគន្ធកញ្ញា ខាងក្រោមនេះ៖
