កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញក្លិបវិសាខា បានរៀបចំកម្មវិធី«ចែករំលែកក្ដីស្រលាញ់ជាមួយ ក្លិបកីឡាបាល់ទាត់ វិសាខា»ដល់កុមារីរងគ្រោះ និងបុគ្គលិកចំនួន១១០នាក់ នៅអង្គការអាហ្វេស៊ីបកម្ពុជា។

កម្មវិធីនេះ ចូលរួមដោយលោក សូរ មុនីរតន៍ អនុប្រធានក្លិប ព្រមគណៈគ្រប់គ្រង ក្រុមការងារគ្រូ និងកីឡាកររបស់វិសាខា ហើយបានចែកនូវសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា រួមមាន៖ បឺហ្គឺរ និងភ្លៅមាន់ ១៣០ប្រអប់, ភេសជ្ជៈ ១០កេះ, ទឹកបរិសុទ្ធ ២០កេះ រួមទាំងគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ១០បេ, មី ១០កេះ, ត្រីខ ៥កេះ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, អំបិល ២០គីឡូក្រាម, ស្ករស ២០គីឡូក្រាម, សាប៊ូដុំ ២០ដុំ និងថ្នាំដុះធ្មេញ ២០ប្រអប់។

សូមបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងរួមចំណែកជាមួយអង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីផ្ដល់នូវស្នាមញញឹម ក្ដីសង្ឃឹម និងអនាគត ជួយស្ដ្រី និងកុមារីរងគ្រោះ ដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ។

ឆ្លៀតឱកាសនេះ ក្នុងនាមគ្រួសារបាល់ទាត់ វិសាខា សូមអំពាវនាវឲ្យបញ្ឈប់រាល់សកម្មភាពជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ គ្រប់រូបភាពលើស្ដ្រី និងកុមារី។ សូមបញ្ឈប់ការរើសអើងដល់ស្ដ្រី និងកុមារីរងគ្រោះ ដោយសារអំពើខាងលើ ដើម្បីជំរុញ គាំទ្រ និងលើកទឹកចិត្ត ដល់ពួកគាត់ទាំងអស់គ្នា៕

Share.