ក្រុម​បាល់ទាត់ Sarawak United ដែល​ជា​ទ្រនំ​របស់​ខ្សែ​ការពារ កុក បូរីស សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​បរាជ័យជាលើកទី១៣ គិតត្រឹមសប្ដាហ៍​ទី១៩នៃ​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League 2022។

សប្ដាហ៍​ទី១៩ នេះ​ក្រុម Sarawak United បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Kuala Lumpur City ដោយ​លទ្ធផល ៥ទល់០ លើ​ទីលាន​កីឡដ្ឋាន​ Kuala Lumpur Stadium ធ្វើឲ្យពួកគេធ្លាក់ទៅឈរលេខ១១ក្នុងកាន់តំបន់កាត់ចោល ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១៣ មានត្រឹមតែ១៤ពិន្ទុប៉ុណ្ណោះ។

នេះជាលើកដំបូងដែលខ្សែការពារ កុក បូរីស បង្ហាញខ្លួនឲ្យ Sarawak United ក្រោយខកខានចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយសារបញ្ហាប្រាក់ឈ្នួល ដែលក្លិបបាល់ទាត់ Sarawak United សមាជិកលីគកំពូលម៉ាឡេស៊ីមិនបានបើកប្រាក់ខែដល់កីឡាករ និងបុគ្គលិកទាំងអស់រយៈពេល៤ខែ។

គួរដឹងថា កុក បូរីស បានចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅកាន់ Sarawak United FC សមាជិក​លីគ​កំពូល​នៃ​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ក្នុងលក្ខខណ្ឌខ្ចី​ជើង​ចំនួន១រដូវកាល ខណៈ​រូប​គេ​ជា​​កីឡាករ​កម្ពុជា ដំបូង​គេ​ចេញ​ទៅ​ប្រកួត​អាជីព​នៅ​ក្រៅ​​ប្រទេស​ក្នុង​ឆ្នាំ​២០២២ នេះ៕

Share.