ថៃ៖ សាកសពដែលស្លាប់ដោយសារតែឆេះខ្លោចក្នុងរថយន្តនៅក្នុងឧប្បត្តិហេតុរថយន្តបើកជ្រុលចង្កូតបុកទ្រូងផ្លូវបណ្ដាលឱ្យកើតមានភ្លើងឆេះសន្ធោសន្ធៅ កាលពីពេលថ្មីៗនេះគឺជាតារាបង្ហាញម៉ូដវ័យ៣៤ឆ្នាំ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅប្រទេសថៃបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់នៅក្នុងរថយន្តឆេះខ្លោច។ ក្រោយទទួលបានដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារតែភ្លើងឆេះខ្លាំងពេកធ្វើឱ្យក្រុមការងារប្រើពេលរហូតដល់កន្លះម៉ោង ទើបអាចពន្លត់អគ្គីភ័យបាន។
ដំបូងឡើយសមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណរបស់អ្នកស្លាប់ប៉ុន្តែក្រោយពន្លត់ភ្លើងរួចទើបអាចកំណត់អត្តសញ្ញាណរថយន្ត និង អ្នករងគ្រោះបានគឺជាតារាម៉ូដែលបង្ហាញឈុតហែលទឹក និងបង្ហាញម៉ូដទូទៅ មានឈ្មោះថា សូរីរ៉ាត់ វ័យ៣៤ឆ្នាំ។
ក្រោយបើកការស្រាវជ្រាវបរិវេណជុំវិញកំណត់បានថា មានភ្លៀងធ្លាក់ផង ផ្លូវជួសជុលផង ហើយងងឹតទៀត ចំណែកទ្រូងផ្លូវមានស្នាមបុកជល់ និងសំណល់រថយន្តខ្ទាតខ្ចាតខ្ចាយ សរុបដំបូងអាចសន្និដ្ឋានបានថា អ្នកស្លា.ប់ធ្វើដំណើរត្រលប់មកផ្ទះវិញ មកដល់កន្លែងកើតហេតុមានភ្លៀងធ្លាក់ ហើយផ្លូវងងឹតធ្វើឱ្យជ្រុលចង្កូតបុកទ្រូងផ្លូវ បណ្ដាលរថយន្តក្រឡាប់មានភ្លើងឆេះ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង៕
