ភ្នំពេញ ៖ រថយន្តហ្វ័តមួយគ្រឿងបើកបរដោយស្ត្រីម្នាក់បត់ឆ្លងផ្លូវទៅបុកជាមួយម៉ូតូហុងដាឌ្រីមសេ១១០ ជិះចេញពីផ្លូវក្នុង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់បាក់ជើងឆ្វេង ម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង កែងផ្លូវហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ហ៊ុន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសបាក់ជើងឆ្វេង ជាអ្នករួមដំណើរខាងម៉ូតូ ។ ទី២ ឈ្មោះ ថូវ ថេង ភេទប្រុស អាយុ២២ឆ្នាំ រងរបួសស្រាល ជាអ្នកបើកម៉ូតូ ។ ជនរងគ្រោះទាំង ២នាក់មានទីលំនៅ ភូមិរលួស ឃុំត្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-9522 បើកដោយស្ត្រីម្នាក់ តាមផ្លូវហាណូយពីត្បូងទៅជើង បត់ឆ្វេងឆ្លងផ្លូវទៅលិច ចូលតាមផ្លូវបេតុង វ៉ាក់អើ ជ្រុលបុកជាមួយម៉ូតូ ហុងដាឌ្រីម សេ១១០ សេរី២០១២ ប៊ិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9877 ជិះដោយយុវជន ២នាក់ តាមផ្លូវបេតុងពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រថយន្តខ្ទេចផ្នែកខាងមុខ ម៉ូតូបាក់ បូមខាងឆ្វេង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកឃ្មួញដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនិងរថយន្ត សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.