នៅមិនទាន់បើកដំណើរការផ្លូវការផង ផ្លូវល្បឿន​មានអ្នកគ្រោះថ្នាក់ចរាចរណ៍ជាហូរហែទៅហើយ។ ម៉្លោះហើយ ក្រសួងសាធារណការនិងដឹកនាំជញ្ជូន បានចេញវីដេអូអប់រំ និងវិធានការនានា​ជាបន្ដបន្ទាប់​ណែនាំ​អំពីការប្រើប្រាស់ផ្លូវល្បឿន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ ជាថ្មីម្ដងដងទៀត ក្រសួងបានណែនាំអំពី «ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង» លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

  • គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
  • គន្លងផ្លូវសម្រាប់ជែងក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។​ ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
  • គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ។សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕
Share.