ប្រិយមិត្តអ្នកនិយមគាំទ្ររឿងភាគខ្មែរប្រាកដជាស្គាល់ច្បាស់តារាសម្ដែងស្រី កុសម៉ា ភីរ៉ាផា ព្រោះកញ្ញាដ៏សោភារូបនេះ ធ្លាប់សម្ដែងរឿងភាគជាច្រើនរឿងមកហើយ។ យ៉ាងណាមិញស្រីស្អាតរូបនេះច្រើនតែត្រូវបានអ្នកទស្សនានិងអ្នកគាំទ្រលើកឡើងថាមានមុខស្រដៀងនឹងតួឯកស្រីរូបរបស់ប្រទេសថៃ។
សូមចុចអាន៖ លោក មុំ សុទ្ធារ៉ា រំពឹងខ្ពស់លើរឿងព្រេងនិទានបុរាណខ្មែរ «សុភាសិត៣០តម្លឹង»!

កំពុងបង្ហាញស្នាដៃសម្ដែងបានយ៉ាងល្អឥតខ្ចោះជាមួយនឹងតួអង្គម៉ាឡែននៅក្នុងរឿងភាគ «មន្តស្នេហ៍ចៅស្រី» ដែលកំពុងតែបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN រៀងរាល់ថ្ងៃច័ន្ទដល់ព្រហស្បតិ៍ កញ្ញា កុសម៉ា ភីរ៉ាផា តែងតែត្រូវបានអ្នកទស្សនាលើកឡើងថា កញ្ញាមានមុខមាត់ស្អាត នឹងស្រដៀងទៅនឹងតារាស្រីរូបដែលមានឈ្មោះបោះសំឡេងនិងល្បីល្បាញនៅក្នុងប្រទេសថៃ។
តារាទីមួយដែលហ្វេនលើកឡើងតាមរយៈ Comment នៅខាងក្រោមរូបរបស់កញ្ញាបាននិយាយថាកញ្ញាមានមុខដូចតារាឯកស្រីប្រចាំប៉ុស្ដិ៍លេខ៣ថៃ (CH3) អ្នកនាង Pat Napapa Tantrakul (ณปภา ตันตระกูล ) តែក៏មានអ្នកខ្លះបានលើកឡើងដែរថាកញ្ញា កុសម៉ាមានមុខស្រដៀងនឹងតួស្រី My Husband in Law អ្នកនាង Mew Nittha តារាសម្ដែងរួមទ្រនំជាមួយនឹងអ្នកនាង Pat Napapa ខណៈអ្នកមួយចំនួនទៀតបានលើកឡើងថា កញ្ញាមានមុខស្រដៀងនឹងតួឯកស្រី Preaw Tussaneeya Karnsomnut ( ทัศนียา การสมนุช) តួឯកស្រីឈានមុខរបស់ប៉ុស្ដិ៍លេខ៧ថៃ (CH7) ផងដែរ។

ចំពោះសាមីខ្លួនបានឆ្លើយប្រាប់សារព័ត៌មានត្រយងញូវស៍ថា កញ្ញាឧស្សាហ៍ឮអ្នកគាំទ្រលើកឡើងថាកញ្ញាមានមុខមាត់ស្រដៀងនឹងតារាស្រីថៃ ប៉ុន្តែខ្លួនកញ្ញាផ្ទាល់មិនសូវបានចាប់អារម្មណ៍ថាខ្លួនឯងមានមុខមាត់ស្រដៀងនឹងតារារូបណានោះឡើយ។ កញ្ញាកុសម៉ា បានបន្ថែមឱ្យដឹងដែរថា មានអ្នកបានជួបកញ្ញាផ្ទាល់ៗ បាននិយាយចំពោះមុខកញ្ញាតែម្ដងថា កញ្ញាមានមុខដូចតួស្រីថៃដែលខ្លួនបានទស្សនាលើទូរទស្សន៍។
កញ្ញា កុសម៉ា ក៏បានថ្លែងឱ្យដឹងដែរថាចំពោះកញ្ញាផ្ទាល់ មិនហ៊ានអះអាងថាកញ្ញា ពិតជាមានមុខមាត់ដូចតារាស្រីដែលអ្នកគាំទ្របានលើកឡើងនោះទេ អាស្រ័យលើអ្នកទស្សនាជាកាត់សេចក្ដីថាកញ្ញាពិតជាមានមុខដូចនឹងតារាស្រីថៃទាំង៣រូបនោះឬអត់?
បច្ចុប្បន្នស្រីស្អាត កុសម៉ា ភីរ៉ាផា កំពុងតែមមាញឹកថតភាពយន្តភាគបុរាណបែបព្រេងនិទានរបស់ស្ថានីយទូរទស្សន៍ CTN រឿង «សុភាសិត៣០តម្លឹង» ដើម្បីត្រៀមបញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ៕



