តារា​សម្ដែង​រូប​សង្ហា​​លោកមុំ សុទ្ធារ៉ា​ កំពុង​តែ​ត្រៀម​ខ្លួន​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​មួយ​ទៀត​​ជា​រឿង​បែប​ព្រេង​និទាន​បុរាណ​ខ្មែរ​ ដែល​រឿង​នេះ​លោក​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ខ្លាំង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​។​

សូមចុចអាន៖ ជិត​បាន​មើល​​ទេដឹង?​ យូប៊ីន បញ្ចេញ​រូប​ស្អាត​៣​ សន្លឹក​​ពី​​ឆាក​ថត​រឿង​«ព្រហ្ម​លិខិត​លម្អៀង​»​!​

តារា​សម្ដែង​​ពេញ​ដោយ​សមត្ថភាព​និង​មាន​ចរិត​សុភាពរាបសារ​ លោក​ មុំ​ សុទ្ធារ៉ា បាន​ឆក់​យក​បេះដូង​នារី​ជា​ច្រើន​នាក់​តាម​រយៈ​តួអង្គ​​​សកល​ជា​​ប៉ូលិស​រូប​សង្ហា​មាន​ចរិត​ម៉ឺងម៉ាត់​​ក្នុង​រឿង​ «រសជាតិ​អ្នក​មាន​» ដែល​ទើប​នឹង​បញ្ចាំង​ចប់​នា​ពេល​ថ្មី​ៗ​នា​កញ្ចក់​ទូរទស្សន៍​ PNN

រូបភាពពីហ្វេសប៊ុក សុទ្ធារ៉ា មុំ

​យ៉ាង​ណា​មិញ​មិន​ទុក​ឱ្យ​អ្នក​គាំទ្រ​នឹក​រលឹក​ចំពោះ​លោក​យូរ​ តារា​សម្ដែង​រូប​នេះ​បាន​ថ្លែង​​មក​កាន់​សារព័ត៌មាន​ត្រយង​ញូវស៍​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា​ លោក​កំពុង​ត្រៀម​ថត​រឿង​ភាគ​បុរាណ​បែប​ព្រេង​និទាន​ «សុភាសិត​៣០​តម្លឹង​» ដែល​រឿង​នេះ​នឹង​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN

រូបភាពពីហ្វេសប៊ុក សុទ្ធារ៉ា មុំ

លោក​ មុំ​ សុទ្ធារ៉ា​ បាន​បញ្ជាក់​​​មូលហេតុ​ដែល​លោក​ទទួល​ថត​រឿង​ភាគ​បុរាណ​នេះ​​ថា​៖ «​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​លោក​មាន​ឱកាស​បាន​សម្ដែង​រឿង​បែប​បុរាណ​ ដោយ​កន្លងៗ​មក​រឿង​ដែល​លោក​សម្ដែង​ភាគ​ច្រើន​ជា​រឿង​សម័យ​ទំនើប​ ​ម្យ៉ាង​ទៀត​​ដោយ​សារ​អារម្មណ៍​របស់​លោក​ផ្ទាល់​​លោក​ស្រលាញ់​រឿង​ព្រេង​បុរាណ​ខ្មែរ​មិន​ថា​តែ​រឿង​ដែល​លោក​សម្ដែង​នោះ​ទេ​ ឱ្យ​តែ​ជា​រឿង​ព្រេង​គឺ​លោក​ស្រលាញ់​ទាំងអស់​។​»

លោក​ មុំ​ សុទ្ធារ៉ា​ ក៏​បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ខ្ពស់​ថា​ រឿង​ «សុភាសិត​ ៣០ តម្លឹង​» ដែល​លោក​សម្ដែង​នេះ​អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ព្រោះ​ ​សាច់រឿង​មាន​លក្ខណៈ​ប្លែក​ថ្មី​ មាន​ចែក​ចេញ​ជា​វគ្គ​ៗ​ ​មិន​ច្រំដែល​​ និង​មាន​ចំណុច​គួរ​ឱ្យ​ទាក់ទាញ​ជា​ច្រើន​ដូច្នេះ​ ប្រសិនបើ​ចង់​ជ្រាប​ច្បាស់​ ប្រិយមិត្ត​ទស្សនិកជន​ត្រូវតែ​រង់ចាំ​ទស្សនា​នៅ​ពេល​ដែល​រឿង​នេះ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN។

រូបភាពពីហ្វេសប៊ុក សុទ្ធារ៉ា មុំ

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​លោក​ មុំ​ សុទ្ធារ៉ា​ បាន​ផ្ដាំ​ផ្ញើ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល​ឱ្យ​​អនុវត្តន៍​តាម​អនុសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ​​នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្បុជា​គឺ​ ៣កុំ​ ​និង​ ​៣ការពារ​ ​ជា​ពិសេស​បងប្អូន​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ជានិច្ច​​ថា​ យើង​គ្រប់គ្នា​អាច​ភ្លេច ​​កូវីដ​-១៩ ​(Covid-19)​ ប៉ុន្តែ​ កូវីដ​-១៩ មិន​ភ្លេច​យើង​នោះ​ទេ​ ដូច្នេះ​យើង​គ្រប់​គ្នា​ត្រូវ​តែ​រក្សា​អនាម័យ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ព្រោះ​បើ​សិន​យើង​មាន​ការ​ភ្លេច​ខ្លួន​ជំងឺ​ច្បាស់​ជា​វាយ​លុក​យើង​ជាក់​ជា​មិន​ខាន​។

​រឿង​ព្រេង​និទាន​បុរាណ​ «សុភាសិត​៣០​តម្លឹង​» ​មាន​ចំនួន​១៥​ភាគ​ ចាប់​ផ្ដើម​ថត​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​មិថុនា​ ខាង​មុខ​នេះ​ទៅ​ រឿង​នេះ​នឹង​មាន​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក្នុង​ម៉ោង​រឿង​ព្រេង​បុរាណ​ខ្មែរ​របស់​ទូរទស្សន៍ CTN​

Telegram-Troryorng
Share.