ក្លិប​បាល់ទាត់​វិសាខា​ សមាជិក​ពាន​រង្វាន់​លីគកំពូល​កម្ពុជា​ បា​ន​ថ្លែង​ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​មិត្ត​ឥណ្ឌូណេស៊ី ដែលមានខ្លឹមសារ​ទាំងស្រុងថា៖«ក្នុងនាមគ្រួសារបាល់ទាត់ពិភពលោក ពួកយើង​ពិត​ជា​មាន​សេចក្ដី​តក់​ស្លុត និង​សោក​ស្ដាយ​ជា​ខ្លាំង ចំ​ពោះ​ហេតុ​ការណ៍​ដ៏​អាក្រក់ ដែល​បាន​កើត​ឡើង​ក្នុង​ការ​ប្រ​កួត​ក្រប​ខណ្ឌ​លីគ​កំពូល​ឥណ្ឌូនេស៊ី»។

«កាលពីរាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្នុងករណីប៉ះទង្គិច និងរត់ជាន់គ្នា ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៧០នាក់ និង​របួស​ជា​ច្រើនរយនាក់។ ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ប្រជាពលរដ្ឋ និងរដ្ឋាភិបាលឥណ្ឌូនេស៊ី ចំពោះសោកនាដកម្មនេះ។ សូមឧទ្ទិសកុសល និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

«កីឡា គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សុខភាព និងការបង្រួបបង្រួម ។ ផ្អែកលើហេតុការណ៍ខាងលើ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាមេរៀន និងបទពិសោធន៍ សម្រាប់ប្រជាពលរដ្ឋទូទៅពិភពលោក ដែលត្រូវចៀសវាងឲ្យបានដាច់ខាតនូវអំពើហិង្សា ទោះក្នុងទម្រង់បែបណាក៏ដោយ ពិសេសក្នុងសហគមន៍បាល់ទាត់ជាតិយើងតែម្ដង»។

បើយោងតាមប្រធានមន្ត្រីសន្តិសុខឥណ្ឌូណេស៊ីលោក Mahfud MD បាននិយាយអំពីមូលហេតុដែលបណ្តាឲ្យអ្នកគាំទ្ររត់ជាន់ ដោយសារកីឡដ្ឋានទាំងមូលបានអនុញ្ញាតិឲ្យអ្នកទស្សនាចូលពេញលើសចំណុះ។ នៅក្នុងការបង្ហោះនៅលើបណ្តាញ Instagram របស់លោក, លោកបានឲ្យដឹងថាសំបុត្រលក់ចេញសរុបមានចំនួន ៤២,០០០ សំបុត្រសម្រាប់ការប្រកួតនេះ ដោយជាក់ស្តែងកីឡដ្ឋាននេះអាចផ្ទុកមនុស្សបានត្រឹមតែជាង ៣៨,០០០ ប៉ុណ្ណោះ។

ខណ:ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖«ពិភពបាល់ទាត់ស្ថិតក្នុងស្ថានភាពតក់ស្លុតបន្ទាប់ពីឧប្បត្តិហេតុសោកនាដកម្មដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅចុងបញ្ចប់នៃការប្រកួតរវាង Arema FC និង Persebaya Surabaya នៅកីឡដ្ឋាន Kanjuruhan»។

លោកបន្តទៀតថា៖«នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់អ្នកដែលពាក់ព័ន្ធក្នុងកីឡាបាល់ទាត់ និងសោកនាដកម្មដែលហួសពីការយល់ឃើញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មនេះ។ រួមជាមួយ FIFA និងសហគមន៍បាល់ទាត់ពិភពលោក គំនិត និងការបួងសួងរបស់យើងទាំងអស់គឺនៅជាមួយជនរងគ្រោះ អ្នកដែលបានទទួល របួស រួមជាមួយនឹងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី សហព័ន្ធបាល់ទាត់អាស៊ី សមាគមបាល់ទាត់ឥណ្ឌូនេស៊ី និងលីគបាល់ទាត់ឥណ្ឌូនេស៊ី ក្នុងគ្រាដ៏លំបាកនេះ»៕

Share.