លោក Yoo Sang-chul ដែល​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង ជួយ​​ឱ្យ​ក្រុម​អាស៊ី​មួយ​នេះ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2002 FIFA World Cup មាន​កូរ៉េខាងត្បូង និង​ជប៉ុន ជា​សហម្ចាស់​ផ្ទះ បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ​ដោយ​សារ​ជំងឺ​មហារីក​លំពែង ក្នុង​វ័យ​៤៩ឆ្នាំ​។

សហព័ន្ធ​កីឡា​បាល់ទាត់​កូរ៉េខាងត្បូង បាន​ផ្ញើ​សារ​មរណទុក្ខ​ពី​ការ​បាត់បង់​បុគ្គល​សំខាន់​ក្នុង​វិស័យ​កីឡា​ខ្លួន​ថា៖«យើង​នឹង​ចងចាំ​​ជា​រៀង​រហូត​ពី​គុណបំណាច់​របស់​អ្នក (Yoo Sang-chul)។ សូម​ទៅ​កាន់​សុគតិភព»។

ពានរង្វាន់ 2002 FIFA World Cup ជើង​ឯក​បាន​ទៅ​ប្រេស៊ីល ហើយ​អាល្លឺម៉ង់ ជា​ជើង​ឯករង ខណៈ​ទួរគី បាន​មេដាយ​សំរឹទ្ធ និង​កូរ៉េខាងត្បូង ឈរ​លេខ៤។ សារព័ត៌មាន USA Today របស់​សហរដ្ឋអាមេរិក បាន​​ជ្រើសរើស​កីឡាករ All Star Team ក្រោយ​ចប់​ការ​ប្រកួត ខណៈ​លោក Yoo Sang-chul ជាប់​ឈ្មោះ​ជា​ខ្សែ​បម្រើ​ក្នុង​បញ្ជី​៥នាក់ ជាមួយ​Michael Ballack របស់​អាល្លឺម៉ង់ Claudio Reyna របស់​អាមេរិក Rivaldo និង Ronaldinho របស់​ប្រេស៊ីល។

ចំណែក​អ្នកចាំទី​មាន Oliver Kahn របស់​អាល្លឺម៉ង់ ជាមួយ​Rüştü Reçber របស់​ទួរគី ហើយ​ខ្សែ​ការពារ​មាន Sol Campbell របស់​អង់គ្លេស Fernando Hierro របស់​អេស្ប៉ាញHong Myung-bo របស់​កូរ៉េខាងត្បូង Alpay Özalan របស់​ទួរគី និង​Roberto Carlos ប្រេស៊ីល។ ចំណែក​ខ្សែ​ប្រយុទ្ធ​មាន El Hadji Diouf របស់​សេណេហ្គាល់ Miroslav Klose របស់​អាល្លឺម៉ង់ Ronaldo របស់​ប្រេស៊ីល និងHasan Şaş របស់​ទួរគី។

បុរស​កម្ពស់​១.៨៤ម៉ែត្រ​រូប​នេះ​បាន​ចំណាយ​ជីវិត​១៦ឆ្នាំ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ពី​ឆ្នាំ​១៩៩៤ ​ដោយ​ប្រកប​អាជីព​នៅ​លីគ​កំពូល​ស្រុក​កំណើត​និង​នៅ​លីគ​កំពូល​ប្រទេស​ជប៉ុន និង​ចូល​និវត្តន៍​នៅ​​ឆ្នាំ​២០០៦។ ក្រោយ​ព្យូរស្បែក​ជើង​ពី​កីឡាករ​អាជីប​លោក​ធ្លាប់​បាន​ដឹកនាំ​ក្រុម Daeeon Citizen, Ulsan Univesity, Jeonnam Dragons និង Incheon United៕

Telegram-Troryorng
Share.