ភ្នំពេញ៖ប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានឲ្យដឹងថា ដំបូងឡើយខ្លួនបើករថយន្តសាំយ៉ុងមួយគ្រឿង ដឹកអីវ៉ាន់ពេញជាប្រភេទគ្រឿង ជ័រ ក្រដាសកាតុង និងតុដែក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ 265 ក្នុងទិសដៅពីជើងទៅត្បូង។លុះធ្វើដំណើរហួសផ្សារហេងលីមកដល់ចំណុចផ្លូវទាល់ ស្រាប់តែរថយន្តឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 11:50 នាទីយប់ថ្ងៃទី4 ខែ តុលា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច ដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ បានឱ្យដឹងថា រថយន្តសាំយ៉ុងដឹកអីវ៉ាន់ពេញនោះ ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរអស់ទាំងស្រុង រួចអគ្គិភ័យបានឆេះរាលដាលដល់រថយន្តកាមរី 2 គ្រឿងផ្សេងទៀត ដែលនៅក្បែរនោះ បណ្ដាលអោយរងការខូចខាត ដោយរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ឯរថយន្តមួយគ្រឿងទៀត រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។


ចំពោះប្រតិបត្តិការបាញ់ពន្លត់វិញ សមត្ថកិច្ចបានចេញរថយន្តមកអន្តរាគមន៍ 8 គ្រឿង បាញ់ពន្លត់អស់ 3គ្រឿង ទើបអាចគ្រប់គ្រងអគ្គិភ័យនេះបាន 100%។ ក្នុងករណីនេះមិនបង្កមានអ្នករងរបួសនោះទេ៕


អត្ថបទនិងរូបភាពដោយ៖ត្រយងតូច

Share.