ប៉ូលីសបាននិយាយនាថ្ងៃ ពុធ ទី ០៥ ខែ តុលា នេះថា មនុស្សយ៉ាងតិច ២៥នាក់បានស្លាប់ បន្ទាប់ពីរថយន្ដក្រុងដឹងភ្ញៀវទៅកន្លែងប្រារព្ធពិធី បានខុសផ្លូវធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅ នៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២។

រថយន្ដនេះបានធ្វើដំណើរនៅលើផ្លូវភ្នំក្នុងរដ្ឋ Uttarakhand ហើយបានក្រឡាប់ធ្លាក់ចុះមកក្រោមជម្រៅ ៥០០ម៉ែត្រ ជាមួយនឹងមនុស្សនៅក្នុងរថយន្ដប្រហែល ៤៥នាក់។

មេប៉ូលីសក្នុងតំបន់ លោក Ashok Kumar បានប្រាប់សារព័ត៌មាន AFP ថា «មនុស្ស ២០នាក់ ត្រូវបានជួយសង្រ្គោះ»។

ទន្ទឹមនោះនាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា លោក Narendra Modi បាននិយាយថា «ជំនួយគ្រប់យ៉ាងនឹងត្រូវបានផ្ដល់ឲ្យអ្នកនៅរស់រានមានជីវិត ហើយលោកបានបង្ហោះសាររំលែកទុក្ខដល់គ្រួសារដែលមានអ្នកបាត់បង់ជីវិត នៅលើ Twitter ផងដែរ»។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបែបនេះ គឺជារឿងធម្មតានៅក្នុងរដ្ឋ Uttarakhand ដែលគ្របដណ្ដប់ដោយជួរភ្នំហិម៉ាឡៃ (Himalayas) និង ជាកន្លែងធម្មយាត្រាសាសនាជាច្រើននៅទីនោះដែរ។ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងខែ មិថុនា នៅពេលដែលរថយន្ដក្រុង ១គ្រឿង បានធ្លាក់ចូលទៅក្នុងជ្រោះ នៅពេលដែលកំពុងធ្វើដំណើរទៅកាន់ទីសក្ការបូជារបស់អាទិទេពហិណ្ឌូ យ៉ាមូណា (Yamuna) ភាគខាងជើងរដ្ឋធានី Dehrandun។

ប្រទេសឥណ្ឌាមានអ្នកស្លាប់នៅតាមដងផ្លូវចំនួន ១១ភាគរយ ប្រើធៀបនឹងទន្និន័យរបស់អ្នកស្លាប់នៅតាមដងផ្លូវទូទាំងពិភពលោក បើទោះបីជាប្រទេសនេះមានរថយន្ដត្រឹមតែ ១ភាគរយ នៃចំនួនរថយន្ដទូទាំងពិភពលោកក៏ដោយ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីឆ្នាំមុន។

របាយការណ៍នេះបានប៉ាន់ប្រមាណថា ក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥០,០០០នាក់ នៅក្នុងប្រទេសឥណ្ឌា ឬ មានមនុស្សម្នាក់ស្លាប់រៀងរាល់ ៤នាទីម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យសេដ្ឋកិច្ចនៅឥណ្ឌាក្នុង ១ឆ្នាំៗ ប្រហែល ៧៥ពាន់លានដុល្លារ ត្រូវខាត់បង់៕

ប្រភព៖ CNA

Share.