បាត់ដំបង៖កំណាត់ផ្លូវទីប្រជុំជនស្រុក ក្រុងតាមណ្តោយត្រើយខាងកើតស្ទឹងសង្កែ ខេត្តបាត់ដំបង ជាច្រើនកន្លែងបានបិទផ្អាកមិនឲ្យរថយន្តធុនធំបើកបរឆ្លងកាត់ ក្រោយជំនន់ហក់ឡើងខ្ពស់ជិតស្នើច្រាំងស្ទឹង។

សមត្ថកិច្ចប្រចាំការនៅទីតាំងបិទផ្លូវបណ្តោះអាសន្នបានឲ្យដឹងថា ស្ថានភាពទឹកជំនន់បានជន់ឡើងខ្ពស់ ពិសេសនៅតាមបណ្តោយមាត់ស្ទឹងសង្កែត្រើយខាងកើតទើបនៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះអាជ្ញាធរ រួមជាមួយនិងកម្លាំងសមត្ថកិច្ចបង្ខំចិត្តបិទកំណាត់ផ្លូវមួយចំនួន ក៏ដូចជាទីតាំងខ្លះទៀតត្រូវបានរាយខ្សែ និងចងបន្តោង ដបព៌ណជាសញ្ញាឲ្យគ្រប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ត្រូវបង្កើនការប្រុងប្រយ័ត្ន។

ប្រភពដដែលបានបន្តថា ការចុះបិទផ្លូវត្រង់ចំណុចច្រាំងបាក់នេះដោយសារជំនន់ទឹកភ្លៀងហូរចាក់ពីផ្នែកខាងលើ កើនឡើងខ្ពស់ជិត ១៤ម៉ែត្រ និងជិតឡើងដល់តួផ្លូវថ្នល់ប្របមាត់ស្ទឹងសង្កែ។

កំណាត់ផ្លូវដែលបិទផ្អាកការចរាចរណ៍នូវរថយន្តធុនធំនេះមានប្រវែងជាច្រើនរយម៉ែត្រឋិតក្នុងភូមិ នរា២ ឃុំនរា ស្រុកសង្កែ  ត្រង់ចំណុចភូមិសុភី១ ក្នុងសង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងកំណាត់ផ្លូវជាច្រើនរយម៉ែត្រទៀតនៅប៉ែកខាងក្រោម។

នៅព្រឹកថ្ងៃទី ០៥ ខែតុលា ដដែលនេះដែរជំនន់ទឹកស្ទឹងបានជន់ឡើងហូរចាក់ចូលព្រែកជាបណ្តើរៗហើយ រួមទាំងប៉ះពាល់ផ្លូវភូមិ លំនៅដ្ឋានរបស់ពលរដ្ឋជាច្រើនខ្នង និងបានបង្កការជន់លិចផ្សារបឹងឈូកកណ្តាលក្រុងបាត់ដំបង ផងដែរដោយសារជំនន់ហូរបុកខ្លាំងតាមប្រព័ន្ធលូនានា៕

អត្ថបទ៖ ដំបងក្រញូង

Share.