ក្មេងប្រុសជនជាតិម៉ាឡេស៊ី អាយុ ២ខួបម្នាក់ បានស្លាប់ បន្ទាប់ពីធ្លាក់ពីលើកៅអីទារកនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Taman Sutera រដ្ឋ Johor Bahru កាលពីថ្ងៃ អង្គារ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃ អង្គារ មន្រ្តីទទួលបន្ទុកអធិការស្រុក លោក Fariz Ammar Abdullah បាននិយាយថា «ការស៊ើបអង្កេតរបស់ប៉ូលីសនៅកន្លែងកើតហេតុបង្ហាញថា នៅម៉ោងប្រហែល ២រសៀល ឪពុកម្ដាយកុមាររងគ្រោះបាននាំ កុមារានេះទៅភោជនីយដ្ឋានមួយកន្លែងនៅទីក្រុង Taman Sutera ដោយដាក់ឲ្យអង្គុយលើកៅអីទារក។ នៅម៉ោងប្រហែល ៣រសៀល ពេលកំពុងញុាំអាហារដោយម្ដាយឪពុកក្មេងមិនបានចាប់អារម្មណ៍ ក្មេងប្រុសនោះបានយកជើងរុញតុ បណ្ដាលឲ្យកៅអីនោះដួល ហើយបានបោកក្បាលជាមួយនឹងឥដ្ឋ»។

លោកប៉ូលីសបន្ដថា «ហេតុការណ៍នេះបានធ្វើឲ្យម្ដាយឪពុកក្មេងនេះយំរហូតដល់សន្លប់បាត់ស្មារតី។ លោកបន្ថែមថា ឧប្បត្តិហេតុនេះត្រូវបានឃើញដោយបុគ្គលិកភោជនីយដ្ឋាននោះ»។

លោក Ammar Abdullah បានបន្ថែមថា ឪពុកម្ដាយរបស់ក្មេងបានព្យាយាមបញ្ជូនកូនទៅសង្រ្គោះនៅគ្លីនិកឯកជនមួយកន្លែង ប៉ុន្ដែគេបានណែនាំឲ្យយកកុមារនោះទៅកាន់មន្ទីរពេទ្យវិញ ដោយសារស្ថានភាពរបស់ក្មេងប្រុសនោះមានសភាពធ្ងន់ធ្ងរ។ ប៉ុន្ដែទៅដល់មន្ទីរពេទ្យមួយកន្លែងទៀត ទើបពេទ្យបានប្រកាសថា ក្មេងប្រុសនេះបានស្លាប់បាត់ទៅហើយ។

ទាក់ទងនឹងបញ្ហានេះ ប៉ូលីសបានលើកឡើងថា មិនមានធាតុផ្សំនឹងបទឧក្រិដ្ឋកម្មនៅក្នងឧប្បត្តិហេតុនេះទេ ប៉ុន្ដែការស៊ើបអង្កេតកំពុងតែបន្ដ៕

ប្រភព៖ CNA

Share.