ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលីអាយុក្រោម១៧ឆ្នាំ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទី (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Sheppaton Sport City ពានរង្វាន់ AFF U17 Asian Cup 2023 វគ្គជម្រុះពូល G ក្នុងប្រទេសអូស្រ្តាលី។

ខណ:ក្រុមជម្រើសជាតិចិនអាយុក្រោម១៧ឆ្នាំ ត្រូវជួបជាមួយ ក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៧ឆ្នាំ នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់។

ដោយពុំមានការទិញការផ្សាយបន្តពីក្រុមហ៊ុនដៃគូឧបត្ថម្ភសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំនេះទេ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចចិត្តបន្តទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះអូស្រ្តាលី នៃពានរង្វាន់ AFC U17 Asian Cup 2023 វគ្គជម្រុះ ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានចំណូលពីអ្នកឧបត្ថម្ភការផ្សាយក៏ដោយ។

តារាងចំណាត់ថ្នាក់ពូល G បណ្តោះអាសន្ន៖
1. អូស្ត្រាលី ឈ្នះ១ប្រកួត ស៊ុតបញ្ចូលទី២៣គ្រាប់ មិនរបូតគ្រាប់បាល់
2. ចិន ឈ្នះ១ ស៊ុតបាន៩គ្រាប់ មិនរបូតគ្រាប់បាល់
3. កម្ពុជា ចាញ់១ របូត៩គ្រាប់
4. កោះម៉ារីណាខាងជើង ចាញ់១ របូត២៣គ្រាប់។

លក្ខខណ្ឌពិសេស៖ ក្រុមដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួត FIFA U-17 ក្នុងនាមជាតំណាងរបស់ AFC។ ដូច្នេះប្រសិនក្រុម U17 ណាអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះយើងនឹងមានឱកាសឡើងទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2023៕

Share.