ក្រសួងសុខាភិបាល បានច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាលយកសាកសព ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ យកទៅប្លុងចោលនៅភ្នំប្រាសាទ ខេត្តកំពត។

ផ្ទុយពីការផ្សព្វផ្សាយខាងលើនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មានថា ព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត គឺក្រុមគ្រូពេទ្យបានដឹកយកទៅដើម្បីចាត់ចែកដុតតាមនីតិវិធី ដោយមិនយកសាកសពទុកចោលនោះឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៌មានមិនពិតនេះ និងផ្ដន្ទាទោសតាមផ្លូវច្បាប់។

ទាក់ទងនឹងបញ្ហានេះ លោក ជួន សុភា អភិបាល​ស្រុកកំពង់ត្រាច បានលើកឡើងដែរថា ក្រុមគ្រូេពទ្យ បាន​ដឹកសាកសពមនុស្សពីរនាក់​ ទៅបូជានៅទីតាំងភ្នំប្រាសាទ ស្រុកកំពង់ត្រាចខេត្តកំពត ដោយមានការរៀបចំពិធីត្រឹមត្រូវតាមប្រពៃណីសាសានា គឺមិនមែនយកទៅប្លុងចោល ដូចជាការចោទប្រកាន់របស់អ្នកប្រើ​ប្រាស់បណ្តាញសង្គមមួយចំនួននោះឡើយ។

នេះជារូបភាពធ្វើពិធីបូជាសពត្រឹមត្រូវ
Share.