លីគកំពូលវៀតណាម V.League 1 គ្រោងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) Video Assistant Referee នៅរដូវកាល ២០២៣ ខាងមុខដោយចំណាយរហូតដល់ ៧០ពាន់លានដុង ប្រមាណ ៣លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ vietnamnews។

លោក Lê Hoài Anh អគ្គលេខាធិការសហព័ន្ធបាល់ទាត់វៀតណាម VFF បាននិយាយថា៖«ការបណ្តុះបណ្តាលអាជ្ញាកណ្តាល VAR ត្រូវការពេលវេលា, ការខិតខំប្រឹងប្រែង និងថវិកាច្រើន ដើម្បីទិញ ឬជួលឧបករណ៍ ប៉ុន្តែនេះអាចត្រូវបានគេមើលឃើញថាជាជំហានដ៏ធំមួយសម្រាប់បាល់ទាត់នៅប្រទេសវៀតណាម ដើម្បីនាំយកការប្រកួតប្រជែងប្រកបដោយគុណភាពបន្ថែមទៀត»។

លោក Anh បានបន្ថែមថា៖«អាជ្ញាកណ្តាលត្រូវបណ្តុះបណ្តាលរហូតទទួលបានអាជ្ញាប័ណ្ណពី FIFA ដើម្បីប្រើប្រាស់ VAR ពោលគឺចំណាយពេលប្រហែល១៣ខែ ដូច្នេះកាលបរិច្ឆេទដំបូងបំផុតដែលវាអាចលេចឡើងគឺនៅក្នុងខែវិច្ឆិកានៃរដូវកាល ២០២៣/២៤ ខាងមុខ»។

ប្រសិនបើផែនការខាងលើត្រូវបានអនុវត្តប្រកបដោយជោគជ័យ នោះប្រទេសវៀតណាម នឹងក្លាយជាប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសថៃ ដែលអនុវត្ត (VAR) ប្រព័ន្ធបច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្ដាល៕

Share.