សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​​បញ្ជាក់​ថា​មាន​ចុង​ម្នាក់​ជា​ជនជាតិ​ខ្មែរ​​កំពុង​ធ្វើការ​នៅ​ប្រទេស​បារ៉ែន បាន​ស្កាត់​ជួយ​ធ្វើ​ម្ហូប​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​តែ​បំពេញ​បេសកកម្ម​​ក្នុង​វគ្គ​ជម្រុះ​ជុំទី២ ​ពូល​C ​ប្រចាំ​ទ្វីប​អាស៊ី នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី។

សហព័ន្ធ​បាន​បញ្ជាក់​នៅ​លើ​​ហ្វេសប៊ុក​​ថា៖«ជួប​ជាមួយ​អ្នក​ចំអិន​ម្ហូប​សម្រាប់​ក្រុម​ជម្រើស​ជាតិ​យើង​ បង​ស្រី ប៉ម សុភ័ក្រ្ត ដែល​ជា​ជនជាតិ​ខ្មែរ​មក​ធ្វើការ​នៅ​ប្រទេស​បារ៉ែន។ ក្រុម​ការងារ​របស់​ក្រុម​ជម្រើស​ជាតិ​បាន​ទាក់ទង​ខាង​សណ្ឋាគារ ដើម្បី​ធ្វើ​ម្ហូប​អាហារ​ខ្មែរ​ដោយ​ខ្លួន​ឯង​ បន្ថែម​លើ​ម្ហូប​ដែល​សណ្ឋាគារ​មាន​សម្រាប់​កីឡាករ។ ប៉ុន្តែ​ដោយ​សារ​ការ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ ខាង​សណ្ឋាគារ​មិន​អនុញ្ញាត​ឡើយ តែ​ចៃដន្យ​មាន​បុគ្គលិក​ខ្មែរ​ម្នាក់​ធ្វើការ​ផ្នែក​ផ្សេង​នៅ​សណ្ឋាគារ​នេះ ​បន្ទាប់​មក​ខាង​សណ្ឋាគារ​បាន​អនុញ្ញាត​ឱ្យ​បង​ស្រី​មក​ជួយ​ផ្នែក​ចុងភៅ​ធ្វើ​ម្ហូប​ខ្មែរ​មួយ​ចំនួន​ រួម​ផ្សំ​ជាមួយ​ម្ហូប​របស់​សណ្ឋាគារ​សម្រាប់​ក្រុមជម្រើសជាតិយើង»។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​ស្ថិត​នៅ​ប្រទេស​បារ៉ែន ដើម្បី​ចូលរួម​ប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ពូល C ជាមួយ​អ៊ីរ៉ាក់ អ៊ីរ៉ង់ ហុងកុង និង​ម្ចាស់​ផ្ទះ​បារ៉ែន។ ២ប្រកួត​មក​នេះ​កម្ពុជា ចាញ់​បារ៉ែន ៨ទល់០ ហើយ​បន្ត​ចាញ់​អ៊ីរ៉ាក់ ៤ទល់១ ខណៈ​ប្រកួត​ចុងក្រោយ​ត្រៀម​ជួប​ក្រុម​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា​ខាង​មុខ៕

Telegram-Troryorng
Share.