វគ្គ​ជម្រុះ​ជុំទី២ ប្រចាំ​ទ្វីប​អាស៊ី នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី បាន​រក​ឃើញ​ក្រុម​ឡើង​និង​ក្រុម​ធ្លាក់​បណ្តើរៗ​ហើយ ខណៈ​ក្រុម​ចំនួន​១២ ដែល​ធ្វើ​ល្អ​ជាង​គេ​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​ទី៣ ប្រចាំ​ទ្វីប​ជា​បន្ត ហើយ​ក្រុម​ដែល​ធ្លាក់​ចេញ​មាន​ឈ្មោះ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី។

គិត​ត្រឹម​ពេល​នេះ​ គណៈកម្មការ​ប្រកួត​បាន​រក​ឃើញ​ក្រុម២​មុន​គេ​ឡើង​ទៅ​លេង​ជុំ​ទី៣ ប្រចាំ​ទ្វីប​អាស៊ី ជា​បន្ត​​បើ​ទោះ​ជា​​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​ក្នុង​ជុំទី២​ក៏​ដោយ។ ក្រុម​​២នោះ​មាន​ក្រុម​​ស៊ីរី ពូល A និង​ជប៉ុន ពូល​F។ ចំណែក​ក្រុម​នៅ​ពូល​ផ្សេង​ទៀត​នៅ​ប្រទាញប្រទង់​គ្នា​នៅ​ឡើយ។

ចំណែក​ក្រុម​ដែល​ធ្លាក់​ចេញ​មុន​គេ មាន​កោះ​ហ្គាម ពូល A, តៃវ៉ាន់ ពូល B, ឥណ្ឌូណេស៊ី ពូល , កម្ពុជា ពូល C មាន​ឈ្មោះ​ធ្លាក់​មុន​គេ​នៅ​តាម​ពូល​រៀងៗ ខ្លួន ប៉ុន្តែ​នៅ​សល់​ឱកាស​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពានរង្វាន់ AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី មួយ​លើក​ទៀត ក្នុង​វគ្គ​ជម្រុះ​ជុំទី១។

អត្ថបទពាក់ព័ន្ធ៖Troryorng Zoom «​សម្លេង​កីឡាករ​កម្ពុជា ពី​ប្រទេស​បារ៉ែន​ត្រៀម​ជម្រុះ World Cup»

និយាយ​ពី​ពានរង្វាន់​ AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី គ្រោង​ធ្វើ​នៅ​ប្រទេស​ចិន ដោយ​ចំរាញ់​យក​ក្រុម​ខ្លាំងៗ​ចំនួន​២៤ក្រុម​។ ចំណែក​ការ​ប្រកួត​ជម្រុះ​វិញ​គ្រោង​​បែងចែក​ជា​ច្រើន​ដំណាក់កាល៖

វគ្គ​ជម្រុះ​ជុំ​ទី១៖ ក្រុម​ដែល​​មាន​ពិន្ទុ​តិច​ជាង​គេ​ក្នុង​វគ្គ​ជម្រុះ​​តាម​ពូល​ជុំ​ទី២ 2022 FIFA World Cup ប្រចាំ​ទ្វីប​​ចំនួន​១០​ក្រុម​ត្រូវ​ចាប់​គូ​​ប្រកួត​គ្នា​​។ ជា​ឧទាហរណ៍​គឺ​កម្ពុជា តៃវ៉ាន់ ឥណ្ឌូណេស៊ី និង​កោះហ្គាម ត្រូវ​ប្រកួត​នៅ​វគ្គ​នេះ។

វគ្គ​ជម្រុះ​ជុំ​ទី២៖ អ្នក​ចាញ់​នៅ​វគ្គ​ជម្រុះ​ជុំ​ទី១ ត្រូវ​ចាប់​គូ​ប្រកួត​គ្នា​​ម្តង​ទៀត​រក​អ្នក​ឈ្នះ។

វគ្គ​ជម្រុះ​ជុំទី៣៖ ក្រុម​ឈ្នះ​ជុំ​ទី១​និង​ជុំទី២ បូក​ទាំង​ក្រុម​ចំណាត់​ថ្នាក់​លេខ២​ លេខ​៣​និង​លេខ៤ ក្នុង​វគ្គ​ជម្រុះ​​តាម​ពូល​ជុំ​ទី២ 2022 FIFA World Cup ត្រូវ​ចាប់​ពូល​ប្រកួត​គ្នា ដោយ​​១ពូល​មាន​៤ក្រុម។ ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ទៅ​ប្រទេស​ចិន តែ​ម្តង។

ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ១ តាម​ពូល​នីមួយៗ​ក្នុង​វគ្គ​ជម្រុះ ​​តាម​ពូល​ជុំ​ទី២ 2022 FIFA World Cup មាន​ឈ្មោះ​ទៅ​ប្រកួត AFC Asian Cup 2023 វគ្គ​២៤ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ។ ជា​ឧទាហរណ៍​ជាក់​ស្តែង​ក្រុម​ជប៉ុន និង​ស៊ីរី មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង៕

អត្ថបទពាក់ព័ន្ធ៖Messi ឡាវ៖«ប្រទេស​ឡាវ​ទាំង​មូល​ នឹង​គាំទ្រ​ជម្រើស​ជាតិ​វៀតណាម ទៅ​ប្រកួត​World Cup»

Telegram-Troryorng
Share.