កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង មានវ័យ២៣ ឆ្នាំ Kylian Mbappe បច្ចុប្បន្ន​កំពុង​ប្រកបអាជីពនៅក្លិប​បាល់ទាត់ Paris Saint-Germain សមាជិក​លីគ​បាល់ទាត់​កំពូល​បារាំង ទើបតែបានចុះកុងត្រារយៈពេល៣ឆ្នាំបន្ថែមទៀតជាមួយក្លិបកាលពីខែឧសភាកន្លងទៅ ខណៈ​នៅ​តែ​មាន​ពាក្យ​ចចាម​អារាម​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្លិប​អ្នកមាន​បារាំង​ មួយ​នេះ។

កីឡាករ Kylian Mbappe

សារព័ត៌មាន​អន្តរជាតិ BBC បាន​ដាក់​ចំណងជើង​ធំៗថា៖« Kylian Mbappe គាត់​និយាយ​ថា​មិន​ដែល​ស្នើសុំ​ចាកចេញ​ពី​ក្រុម PSG នោះ​ទេ»។ អ្វី​ដែល​ពិសេសនោះ​រូប​គេ​បញ្ជាក់​ថា​នឹង​មិន​បំពាន​កិច្ចសន្យា​ហើយ​ចាកចេញ​ពី​ក្រុម​នៅ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ បើក​ទ្វា​នៅ​ខែ​មករា ខាង​មុខ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​​របស់ Mbappe បន្ទាប់ពី ក្រុម PSG បានយកឈ្នះលើ​ក្រុម​ខ្លាំង Marseille ១-០ ចុង​សប្ដាហ៍​ថ្មីៗនេះ។

យ៉ាងណាក្តី​កីឡាករវ័យក្មេង Kylian Mbappe រូបនេះ ក៏ធ្លាប់មានការទាក់ទងផ្លាស់ទៅកាន់​ក្លិបនៅប្រទេសអេស្បាញ Real Madrid ផងដែល តែពេលនេះសមាជិកដែលជួយក្រុមជម្រើសជាតិបារាំងឈ្នះ World Cup ២០១៨ រូបនេះបានច្រានចោលព័ត៌ទាំងអស់។ ចំពោះរូបគេផ្ទាល់ ក៏មិនយល់ថារឿងរ៉ាវដែលបានចុះផ្សាយតាមបណ្តាលព័ត៌មាននេះចេញមកពីប្រភពណាឡើយ ហើយ​គឹ​ក៏មានភាពភ្ញាក់ផ្អើលដូចអ្នកគាំទ្រគ្រប់គ្នារបស់រូបគេដែរ។

គួរឲ្យដឹងថា ក្រុម PSG បច្ចុប្បន្ននៅតែបន្តរក្សាកំណត់ត្រាមិនទាន់ចាញ់ក្នុង Ligue 1 ក្រោយឈ្នះ ១-០ លើ Marseille ដែលបានទាត់បញ្ចូលទីរបស់ខ្សែបម្រើប្រយុទ្ធ Neymar នៅនាទី៤៥ បូក២(ចុងវគ្គទី១)៕

ប្រែសម្រួល៖ សុន ភានុ

Share.