តារាសម្ដែង​ Alex Teeradetch បាន​បង្ហើប​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ខ្លួន​សម្រេច​ចិត្ត​តាម​សុំ​ស្នេហ៍​ bow Maylada ព្រោះ​មាន​អារម្មណ៍​ថា​ខាង​ស្រី​គឺជា​មនុស្ស​គួរ​ឱ្យ​ស្រលាញ់​ បាន​ធ្វើ​ការងារ​ជាមួយ​សប្បាយ​ ពេញ​ចិត្ត​អត្តចរិត​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​បាន​ជួប​គ្នា​ ប៉ុន្តែ​ស្នេហា​នេះ​ជួប​ឧបសគ្គ​ព្រោះ​តែ​ម្ដាយ​ខាង​ស្រី​មិន​ពេញ​ចិត្ត​ខ្លួន​។

តារា​សម្ដែង​ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ទាំង​២​ដួង​ ក្រោយ​ពី​ប្រកាស​ជា​ចំហរ​ថា​កំពុង​សេពគប់​និង​មើល​ចិត្ត​គ្នា​ក្នុង​ឋានៈ​ជា​សង្សារ​ តែង​តែ​មាន​រូបភាព​ឬ​វីដេអូ​ផ្អែម​ល្ហែម​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ​ខែ​ប្រាំង​ ធ្វើ​ឱ្យ​អ្នក​នៅ​លីវច្រណែន​ជានិច្ច​។ ប៉ុន្តែ​ស្នេហា​នេះ​មិន​ងាយ​នោះ​ឡើយ​ព្រោះ​ដំបូង​ Alex មិន​ត្រូវ​បាន​អ្នក​ម្ដាយ​របស់​ Bow ពេញ​ចិត្ត​នោះ​ឡើយ​ ដោយ​សារ​តែ​ Alex ជំរាប​សួរ​មនុស្ស​គ្រប់​គ្នា​ទាំង​អស់​ តែ​អត់​បាន​ជំរាប​សួរ​ម្ដាយ​របស់​ Bow ម្នាក់​គត់​។

Alex បាន​រំលឹក​រឿង​នេះ ​ថាថ្ងៃ​មួយ​​ដោយ​សារ​តែ​កូវីដ​រាតត្បាត​អត់​អាច​ទៅ​ណា​បាន​ ក៏​បាន​ទៅ​លេង​ផ្ទះ​ Bow ហើយ​ក៏​បាន​ដឹង​រឿង​មួយ​ពី​មាត់​ម៉ាក់​របស់​ Bow ថា​មិន​ចូលចិត្ត​ខ្លួន​នោះ​ទេ​ ព្រោះ​​នៅ​ថ្ងៃ​​ថត​ MV បទ​ថ្មី​ Bow ថ្ងៃ​នោះ​ខ្លួនដើរ​សំពះ​គេ​គ្រប់​គ្នា​តែ​អត់​បាន​សំពះម៉ាក់​របស់​ Bow ដោយ​សារ​តែ​ខ្លួន​មិន​ស្គាល់​ផង​​ម្យ៉ាង​ដោយ​សារ​តែ​ម៉ាក់​របស់​ Bow មើល​ទៅ​នៅក្មេង​ទៀត​ ហើយ​ក៏​មិន​ដែល​ដឹង​ថា​ម៉ាក់​ទៅ​តាម​ដែរ​ទើប​អត់​ចាប់​អារម្មណ៍​សំពះ មួយ​វិញ​ទៀត​ម៉ាក់​នៅ​ក្នុង​បន្ទប់​ អត់​បាន​នៅ​ខាង​ក្រៅ​ជាមួយ​ក្រុម​ការងារ​ផ្សេងៗ​។

យ៉ាង​ណា​មិញ​ស្នេហា​របស់​ Alex និង Bow នៅ​ពេល​នេះ​មិន​មាន​ឧបសគ្គ​អ្វីទៀត​នោះ​ឡើយ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​ចាត់​ចូល​ថា​ជា​គូស្នេហ៍​តារា​ដ៏​ស័ក្ដិ​សម​ និង​ស្រលាញ់​គ្នា​ខ្លាំង​បំផុត​មួយ​គូ​ក្នុង​រង្វង់​សិល្បៈ​ថៃ​ផង​ដែរ​៕

ប្រភព៖ thebangkokinsight

Share.