សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​ប្រកាស​​ថា​នឹង​រៀបចំ​ប្រើប្រាស់​ វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល (VAR) នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​ Singapore Premier Leagueរបស់​ខ្លួន ចាប់​ពី​រដូវកាល​ឆ្នាំ​២០២៣ តទៅ ខណៈ​ប្រទេស​មួយ​នេះ​ជា​ប្រទេស​ទី៣ ហើយ​នៅ​ក្នុង​តំបន់​អាស៊ាន ប្រកាស​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ។

គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​សិង្ហបុរី បញ្ជាក់​ថា​​ក្រៅ​ពី​ប្រទេស​ខ្លួន​ជា​ប្រទេស​ទី៣ ​ប្រើប្រាស់ VAR នៅ​ក្នុង​ការ​​​ប្រកួត​លីគ​កំពូល ប្រទេស​នេះ​ក៏​ជា​ប្រទេស​ទី​​១១​ក្នុង​ទ្វីប​អាស៊ី ដែល​​ប្រើ​ប្រាស់ VAR ផង​ដែរ។

នាយក​ផ្នែក​អាជ្ញាកណ្ដាល​បាល់ទាត់​​ប្រចាំ​សហព័ន្ធ លោក Nazeer Hussainបាន​បញ្ជាក់​ថា​ត្រូវ​ការ​ពេល​​ពី​១២​ទៅ​១៨​ខែ អាស្រ័យ​លើ​កម្មវិធី​ជំនួយ និង​ការ​អនុញ្ញាតិ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)។ លោក​បាន​ថ្លែង​អំណរគុណ​​ដល់​ក្រុម​អាជ្ញាកណ្ដាល និង​មន្រ្តី​របស់​សហព័ន្ធ ដែល​រួមគ្នា​រហូត​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​នេះ​ឡើង។

លោក Nazeer Hussain បញ្ជាក់​ថា៖«បច្ចុប្បន្ន​​យើង​ដល់​​ដំណាក់កាល​ទី៣ ក្នុង​ចំណោម​ដំណាក់​កាល​ទាំង​៥ នៃ​​ការ​កំណត់​ស្តង់ដារ VAR របស់​ FIFA ដោយ​ផ្ដោត​លើ​ការ​រៀបចំ​និង​បណ្តុះបណ្តាល​មន្រ្តី​បច្ចេកទេស និង​បច្ចេកវិទ្យា​របស់ VAR។ អ្វីៗ​រលូន​ដូច​ការ​រៀបចំ ហើយ​យើង​កំពុង​តែ​រៀបចំ​កាលវិភាគ​ជាក់​លាក់​មួយ​សម្រាប់​ការ​ចុះ​មក​ត្រួត​ពិនិត្យ​របស់​មន្ត្រី FIFA ក្នុង​ការ​វាយ​តម្លៃ​ពី​វឌ្ឍនភាព​របស់​យើង​និង​អនុម័ត​ការ​ប្រើប្រាស់ VAR នៅ​ទីនេះ គឺ​ប្រទេស​សិង្ហបុរី យើង»។

«អ្វីៗ​គឺ​បាន​រៀបចំ​ស្ទើរ​តែ​​រួចរាល់​អស់​ហើយ។ ប៉ុន្តែ​បើ​អ្វីៗ​ដូច​តាម​ការ​គ្រោង​ទុក​នោះ​យើង​មាន​ជំនឿ​ចិត្ត​ថា VAR នឹង​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី Singapore Premier League នៅ​រដូវកាល​ក្រោយ»។ លោក Nazeer Hussain បន្ថែម។

ប្រទេសសិង្ហបុរី មាន​អាជ្ញាកណ្តាល​ម្នាក់​បាន​បង្ហាញ​ខ្លួន​ជា​មន្រ្តី​អាជ្ញាកណ្ដាល​ផ្នែក VAR ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន កន្លង​ទៅ ហើយ​លោក​ក៏​មាន​ឈ្មោះ​ទៅ​ចូលរួម​កាត់​សេចក្តី​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar នៅ​ចុង​ឆ្នាំ​២០២២ នេះ​ផង​ដែរ។

ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី មាន​​សមាជិក​ចំនួន​៨ក្រុម ខណៈ​​ប្រទេស​អាស៊ាន​មួយ​នេះ​មាន​កូតា ទាំង​ក្នុង​ពានរង្វាន់ AFC Champions League និង​ពានរង្វាន់ AFC Cup ផង​ដែរ។ ប៉ុន្តែ​រដូវកាល​ឆ្នាំ​២០២៣ ខាង​មុខ​​នឹង​កើត​សមាជិក​៩ក្រុម ក្រោយ​ការ​ត្រឡប់​មក​វិញ​របស់​ក្រុម DPMM របស់​ប្រទេស​ប្រ៊ុយណេ។

ដូច្នេះ​ប្រទេស​ទាំង​៣ ក្នុង​តំបន់​អាស៊ាន ដែល​ត្រូវ​ប្រើប្រាស់ VAR ក្នុង​ការ​ប្រកួត​​បាល់ទាត់​នៅ​លីគ​កំពូល​របស់​ខ្លួន​មាន​លីគ​កំពូល​ប្រទេស​​ថៃ លីគ​កំពូល​ប្រទេស​វៀតណាម និង លីគ​កំពូល​ប្រទេស​​សិង្ហបុរី៕

Share.