បាត់ដំបង÷ ប្រជាកសិករជាង ១ម៉ឺនគ្រួសារ ទទួលស្រូវពូជពីប្រមុខរដ្ឋាភិបាល ដើម្បីដាំដុះស្តារលទ្ធភាពឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានយាយីរយ:ពេលយូរ។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០។ សម្តេច សោកស្តាយជាទីបំផុតលើការប៉ះពាល់ធ្ងន់ធ្ងរលើប្រជាកសិករទាំងអស់ រងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់កន្លងមកនេះ។ ចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាជម្នះការលំបាកនេះ ហើយត្រូវប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្រៅពីអំណោយជាពូជស្រូវសម្រាប់បងប្អូនប្រជាកសិករយកទៅស្តារការងារបង្កបង្កើនផលឡើងវិញនេះ សម្តេចក៏ភ្ជាប់ជាមួយនូវកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករមួយចំនួនទៀត គ្រាន់បានដោះស្រាយការលំបាកនៅក្នុងជីវភាពរស់នៅផងដែរ។

ជាមួយគ្នាសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជំរុញដល់មន្ត្រីកសិកម្ម ឲ្យពិចារណាក្នុងការផលិតពូជស្រូវសុទ្ធល្អទុកជូនប្រជាកសិករនៅចំពោះមុខ ព្រោះបរិមាណផលស្រូវខ្ពស់ផ្តើមចេញពីពូជស្រូវសុទ្ធល្អនេះតែម្តង។ ការធ្វើកសិកម្មមិនត្រូវបន្តធ្វើធម្មតាៗរហូតនោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញបានគាប់ប្រសើរ។

ស្រូវពូជដែលរដ្ឋាភិបាលផ្តល់ជូនដល់ប្រជាកសិករចំនួន ១១,៥២៨គ្រួសារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាពេលនេះក្នុងមួយគ្រួសារកសិករទទួលបានចំនួន ១០០គីឡូក្រាម ព្រមទាំងកញ្ចប់ស្បៀងអាហារ និងថវិកាមួយចំនួនទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.