យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ បន្ទាប់ពីទូកដែលផ្ទុកមនុស្សរាប់រយនាក់បានឆេះនៅភាគខាងកើត ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ទូក KM Express Cantika 77 បានផ្ទុះឆេះនៅឆ្នេរសមុទ្រនៃកោះ Timor ក្នុងខេត្ត East Nusa Tenggara ភ្លាមៗអ្នកដំណើរមួយចំនួនបានបង្ខំចិត្តលោតចេញពីលើទូកនោះ។

លោក Isyak Nuka ប្រធានទីភ្នាក់ងារដឹកជញ្ជូន East Nusa Tenggara បានប្រាប់ទីភ្នាក់ងារ AFP ថា ប្រតិបត្តិការស្វែងរក និង ជួយសង្រ្គោះមនុស្ស និង នាវិក ចំនួន ២៥៤នាក់ ក្នុងនោះមនុស្ស ២៤១នាក់ នៅរស់រានជីវិត ខណៈមនុស្សចំនួន ១៣នាក់ បានបាត់បង់ជីវិត។

លោក Nuka បានបញ្ជាក់ថា អ្នកនៅមានជីវិតទាំង ២៤១នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ និង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្ដែមិនបានបញ្ជាក់ពីមូលហេតុនៃអគ្គីភ័យនេះទេ។ លោកថា ទូកនេះ បានបើកចេញពីទីរួមខេត្ត Kupang ទៅក្រុង Kalabahi លើកោះ Alor។

សូមជម្រាបថា ឧបទ្ទវហេតុតាមសមុទ្រ គឺជារឿងធម្មតានៅក្នុងតំបន់ប្រជុំកោះអាស៊ីអាគ្នេយ៍ ដែលមានកោះប្រហែល ១៧,០០០ ដែលស្ដង់ដាសុវត្ថិភាពនៅទីនោះជារឿយៗមានភាពធូររលុង។ ក្នុងឆ្នាំ ២០១៨ មនុស្ស ជាង១៥០នាក់ បានលង់ទឹកស្លាប់ នៅពេលដែលសាឡាងមួយបានលិចនៅក្នុងបឹងដ៏ជ្រៅបំផុតមួយរបស់ពិភពលោកវាស្ថិតនៅលើកោះ ស៊ូម៉ាត្រា៕

ប្រភព៖ CNA

Share.