ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងវ័យ ១៩ឆ្នាំ ម្នាក់បានសម្រុកចូលទៅក្នុងវិទ្យាល័យ Central Visual & Performing Arts ក្នុងទីក្រុង St.Louis នៃរដ្ឋ Missouri នៅម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ ដោយបានសម្លាប់មនុស្ស ២នាក់ និង បង្កឲ្យមានអ្នករបួស ៧នាក់ មុនពេលជនសង្ស័យរូបនេះ ត្រូវបានក្រុមមន្រ្តីប៉ូលីសបាញ់សម្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅថ្ងៃ អង្គារ ទី ២៥ ខែ តុលា ឆ្នាំ ២០២២។

មន្រ្តីប៉ូលីសនៅទីក្រុង St.Louis បានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ជនសង្ស័យត្រូវបានចាប់ខ្លួន តែក្រោយមកបានប្រកាសថាស្លាប់ ហើយចេតនានៅពីក្រោយករណីហិង្សាដោយកាំភ្លើងនេះ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។

លោក Mike Sack ស្នងការប៉ូលីសនៅទីក្រុង St.Louis បានសន្និដ្ឋានជាបឋមថា ជនសង្ស័យប្រហែលជាមានជំងឺផ្លូវចិត្ត ហើយជាសិស្សបញ្ចប់ការសិក្សានៅទីនេះថ្មីៗដែរ ប៉ុន្ដែមិនមានប្រវត្តិឧក្រិដ្ឋកម្មទេ។

លោក Sack បន្ដថា ខ្មាន់កាំភ្លើង ប្រដាប់ដោយកាំភ្លើងវែង Rifle មួយដើម ខណៈប៉ូលីសបានបាញ់តតាំងគ្នាជាមួយនឹងជនសង្ស័យ ក្រោយសម្រុកចូលក្នុងសាលារៀន ហើយខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ ត្រឹមរយៈពេល ១៥នាទី ក្រោយសកម្មភាពបាញ់សម្លាប់មនុស្សបានចាប់ផ្ដើម។ ប៉ុន្ដែទោះជាយ៉ាងណា លោក Sack បានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ ដោយនិយាយថា អ្នកស៊ើបអង្កេតនៅបន្ដប្រមូលព័ត៌មាន និង ភស្ដុតាងផ្សេងៗនៅឡើយ។

ជនសង្ស័យត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ឈ្មោះ Orlando Harris មានអាយុ ១៩ឆ្នាំ ដោយឡែកជនរងគ្រោះដែលបាត់បង់ជីវិតវិញ គឺជា គ្រូបង្រៀនអាយុ ៦១ឆ្នាំម្នាក់ និង ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកក្មេងជំទង់ ៤នាក់ទៀត បានរងរបួសដោយសារគ្រាប់កាំភ្លើង ខណៈ ៣នាក់ទៀតបានរងរបួសកំឡុងពេលចលាចល៕

ប្រភព៖ NBC News

Share.