កាលពីយប់មិញនេះ ម្ចាស់មកុដ ឬ Queen សម្រាប់កម្មវិធី Miss Grand International 2022 បានទៅលើបេក្ខភាពបវរកញ្ញតំណាងប្រទេសប្រេស៊ីល កញ្ញា Isabella Menin។ ប៉ុន្តែលទ្ធផលដែលអ្នកគ្រប់គ្នាទទួលស្គាល់ថាពិតជាស័ក្ដិសមនោះ បែរជាត្រូវក្រុមអ្នកគាំទ្រវៀតណាមច្រានចោល ហើយឡាំប៉ាតវ៉ាចំពោះកម្មវិធីថាអយុត្តិធម៌ទៅវិញ។
ជាការពិតណាស់អ្នកគាំទ្រប្រទេសនីមួយៗតែងតែសង្ឃឹម និងចង់ឃើញបវរកញ្ញាប្រទេសខ្លួន ក្លាយជាម្ចាស់មកុដ ប៉ុន្តែម្ចាស់មកុដ ឬម្ចាស់ពានតម្រូវឱ្យមានតែបេក្ខនារីតែម្នាក់ប៉ុណ្ណោះ ដូច្នោះហើយទើបកម្មវិធីប្រកួត MGI ជ្រើសរើស កូនកាត់ប្រេស៊ីល-អ៊ីតាលី ឱ្យគ្រងតំណែងជា Miss Grand International ឆ្នាំ២០២២ នេះ។
ខណៈដែលប្រជាជនប្រេស៊ីលកំពុងតែអបអរសាទរ ព្រោះបវរកញ្ញារបស់ខ្លួនគឺជាម្ចាស់មកុដឆ្នាំនេះ នៅប្រទេសវៀតណាមឯណោះវិញ អ្នកគាំទ្រក៏កំពុងតែខឹងឡាំប៉ា មិនព្រមទទួលស្គាល់លទ្ធផលដែលកម្មវិធីបានសម្រេចនោះឡើយ ពិសេសវៀតណាមមិនពេញចិត្តដែលបវរកញ្ញាខ្លួនមិនអាចឈានចូលដល់ Top10 ទៅតាមការរំពឹងទុក។
កំហឹងរបស់អ្នកគាំទ្រវៀតណាម បានធ្វើឱ្យពួកគេនាំគ្នា React រូប Emoji កំហឹងនៅលើ Post របស់ផេក MGI ក៏ដូចជាបបួលគ្នា Unfollow Instagram MGI រហូតធ្វើឱ្យចំនួន Follower ធ្លាក់យ៉ាងគំហុក ពី៦.៥M មកសល់តែ ៤.៦M គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ នេះ។
វៀតណាមមានអំនួតនិងជឿជាក់យ៉ាងនេះ ដោយសារតែកាលពីឆ្នាំ២០២១ បវរកញ្ញាវៀតណាមគឺជាបេក្ខនារីប៉ែកអាស៊ីអាគ្នេយ៍ទីពីរ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលក្ដោបបានមកុដ និង title ជា Miss Grand International 2021។
ក្រោយបំផ្ទុះភ្លើងកំហឹងរបស់ហ្វេនវៀតណាម ដែលយកការ Unfollow ជាប្រតិកម្មបង្ហាញការមិនពេញចិត្តរបស់ខ្លួន ងាកទៅចាប់អារម្មណ៍លោក Nawat ដែលជាស្ថាបនិកហាក់មិនបង្ហាញពីការខ្វាយខ្វល់នោះឡើយដោយលោកបាន Add Story នៅលើ IG ផ្ទាល់ខ្លួនរបស់លោកថា៖ «แกรนด์ไม่ขายตำแหน่ง ถ้าอยากซื้อ ไปที่อื่นครับ จะทำอะไรก็เชิญ เอาที่สบายใจ รำคาญ» ឬ «កម្មវិធី Miss Grand មិនលក់តំណែងនោះទេ បើចង់ទិញ ទៅទិញនៅកន្លែងផ្សេង ចង់ធ្វើអ្វីក៏អញ្ជើញ តាមសប្បាយចិត្តចុះ ធុញទ្រាន់»។
ទោះជាពាក្យដែល big boss រូបនេះមិនបានសរុប ឬបញ្ជាក់ថាលោកចង់សំដៅទៅលើអ្វី ប៉ុន្តែអ្នកវិភាគបានទាញសេចក្ដីសន្និដ្ឋានបានថា ក្នុងខ្លឹមសារនេះប្រហែលជាមានករណីខ្លះលោកចង់លើកពីរឿង Unfollow ចង់គេធ្វើអ្វីក៏ធ្វើចុះ លោកមិនយកចិត្តទៅគិតនោះឡើយ ព្រោះលោកធុញទ្រាន់។ ដោយឡែកក្នុងន័យនោះក៏មានព្រលយពាក្យដែរថាកម្មវិធីលោក យុត្តិធម៌ មិនមានការទិញលក់តំណែង ដូចមានដំណឹងចចាមអារ៉ាមកំពុងតែលេចឮចេញមកខាងក្រៅនោះឡើយ។
ឆ្នាំក្រោយនេះ វៀតណាមគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត Miss Grand International 2023 ចាំមើលតើប្រជាជនវៀតណាមនឹងមានប្រតិកម្មបែបណាទៀត ប្រសិនបើបវរកញ្ញាខ្លួនមិនអាចចូល Top ឬឈ្នះមកុដដូចឆ្នាំនេះ មួយវិញទៀតបើប្រកួតនៅប្រទេសវៀតណាមហើយ បេក្ខនារីម្ចាស់ផ្ទះឈ្នះមកុដ វិញនោះ តើវៀតណាមមិនបារម្ភទេថា ពិភពលោក ឬបណ្ដាប្រទេសផ្សេងៗ នឹងគិតថាវៀតណាម ស៊ីសំណូក ឬក៏សម្រេចដោយលម្អៀង?