កាល​ពី​យប់​មិញ​នេះ​ ម្ចាស់​មកុដ​ ឬ Queen សម្រាប់​កម្មវិធី​ Miss Grand International 2022 បាន​ទៅ​លើ​​​បេក្ខភាព​បវរកញ្ញ​តំណាង​ប្រទេស​ប្រេស៊ីល​ កញ្ញា​ Isabella Menin។ ប៉ុន្តែ​លទ្ធផល​ដែល​អ្នក​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​ពិត​ជា​ស័ក្ដិសម​នោះ​ បែរជា​ត្រូវ​ក្រុម​អ្នក​គាំទ្រ​វៀតណាម​ច្រាន​ចោល ហើយ​ឡាំប៉ាតវ៉ា​ចំពោះ​កម្មវិធី​ថា​អយុត្តិ​ធម៌​ទៅវិញ​។

អាន​អត្ថបទ ស័ក្តិសម!​ ម្ចាស់​មកុដ​ Miss​ Grand​ International​​ 2022​ វ័យ​ ២៦​ ឆ្នាំ​ជា​អនុបណ្ឌិត​អាច​និយាយ​បាន​៥​ភាសា​

ជាការ​ពិត​ណាស់​អ្នក​គាំទ្រ​ប្រទេស​នីមួយ​ៗ​តែងតែ​សង្ឃឹម​ និង​ចង់​ឃើញ​បវរកញ្ញា​ប្រទេស​ខ្លួន​ ក្លាយ​ជា​ម្ចាស់​មកុដ​ ប៉ុន្តែ​ម្ចាស់​មកុដ ឬម្ចាស់​ពាន​តម្រូវ​ឱ្យ​មាន​តែ​បេក្ខនារី​តែ​ម្នាក់​ប៉ុណ្ណោះ ​ដូច្នោះ​ហើយ​​ទើបកម្មវិធី​ប្រកួត​ MGI ជ្រើស​រើស​ ​កូនកាត់​ប្រេស៊ីល​-អ៊ីតាលី​ ឱ្យ​គ្រង​តំណែង​ជា​ Miss Grand International ឆ្នាំ​២០២២ នេះ​។

ខណៈ​ដែល​ប្រជាជន​ប្រេស៊ីល​កំពុង​តែ​អបអរសាទរ​ ព្រោះ​បវរកញ្ញា​របស់​ខ្លួន​គឺជា​ម្ចាស់​មកុដ​ឆ្នាំ​នេះ​ នៅ​ប្រទេស​វៀតណាម​ឯណោះ​វិញ​ អ្នក​គាំទ្រ​ក៏​កំពុង​តែ​ខឹង​ឡាំប៉ា មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​ដែល​កម្មវិធី​បាន​សម្រេច​នោះ​ឡើយ​ ពិសេស​វៀតណាម​មិន​ពេញ​ចិត្ត​ដែល​បវរកញ្ញា​ខ្លួន​មិន​អាច​ឈាន​ចូល​ដល់​ Top10 ទៅ​តាម​ការ​រំពឹង​ទុក​។

កំហឹង​របស់​អ្នក​គាំទ្រ​វៀតណាម បាន​ធ្វើ​ឱ្យ​ពួក​គេ​នាំ​គ្នា​ React រូប​ Emoji កំហឹង​នៅ​លើ​ Post របស់​ផេក​ MGI ក៏​ដូច​ជា​បបួល​គ្នា​ Unfollow Instagram MGI រហូត​ធ្វើ​ឱ្យ​ចំនួន​ Follower ធ្លាក់​យ៉ាង​គំហុក​ ពី​៦.៥M មក​សល់​​តែ​ ៤.៦M គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ។

វៀតណាម​មាន​អំនួត​និង​ជឿជាក់​យ៉ាង​នេះ​ ដោយ​សារ​តែ​កាល​ពី​ឆ្នាំ​២០២១ បវរកញ្ញា​វៀតណាម​គឺជា​បេក្ខនារី​ប៉ែក​អាស៊ី​អាគ្នេយ៍​ទីពីរ ​បន្ទាប់​ពី​​ឥណ្ឌូនេស៊ី​​ ដែល​ក្ដោប​បាន​មកុដ និង​ title ជា​ Miss Grand International 2021។

ក្រោយ​បំផ្ទុះ​ភ្លើង​កំហឹង​របស់​ហ្វេន​វៀតណាម​ ដែល​យក​ការ​ Unfollow ជា​ប្រតិកម្ម​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ ងាកទៅ​ចាប់​អារម្មណ៍​លោក​ Nawat ដែល​ជា​ស្ថាបនិក​ហាក់​មិន​បង្ហាញ​ពី​ការ​ខ្វាយខ្វល់​នោះ​ឡើយ​ដោយ​លោក​បាន Add Story នៅ​លើ​ IG ផ្ទាល់​ខ្លួន​របស់​លោក​ថា៖ «แกรนด์ไม่ขายตำแหน่ง ถ้าอยากซื้อ ไปที่อื่นครับ จะทำอะไรก็เชิญ เอาที่สบายใจ รำคาญ»«កម្មវិធី​ Miss Grand មិន​លក់​តំណែង​នោះ​ទេ បើ​ចង់​ទិញ​ ទៅ​ទិញ​នៅ​កន្លែង​ផ្សេង ចង់​ធ្វើ​អ្វី​ក៏​អញ្ជើញ​ តាម​សប្បាយ​ចិត្ត​ចុះ ធុញ​ទ្រាន់​»

ទោះ​ជា​ពាក្យ​ដែល​ big boss រូប​នេះ​មិន​បាន​សរុប​ ឬ​បញ្ជាក់​ថា​លោក​ចង់​សំដៅ​ទៅ​លើ​អ្វី​ ប៉ុន្តែ​អ្នក​វិភាគ​បាន​ទាញ​សេចក្ដី​សន្និដ្ឋាន​បាន​ថា ​ក្នុង​ខ្លឹម​សារ​នេះ​ប្រហែល​ជា​​មាន​ករណី​ខ្លះ​លោក​ចង់​លើក​ពីរឿង​ Unfollow ចង់​គេ​ធ្វើ​អ្វី​ក៏​ធ្វើ​ចុះ​ លោក​មិន​យក​ចិត្ត​ទៅ​គិត​នោះ​ឡើយ​ ព្រោះ​លោក​ធុញទ្រាន់​។ ដោយ​ឡែក​ក្នុង​ន័យ​នោះ​ក៏​មាន​ព្រលយ​ពាក្យ​ដែរ​ថា​កម្មវិធី​លោក​ យុត្តិធម៌ មិនមាន​ការ​ទិញ​លក់​តំណែង​ ដូច​មាន​ដំណឹង​ចចាមអារ៉ាម​កំពុង​តែ​លេច​ឮ​ចេញ​មក​ខាង​ក្រៅ​នោះ​ឡើយ​។

ឆ្នាំ​ក្រោយ​នេះ​ វៀតណាម​គឺជាម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​ Miss Grand International 2023 ចាំ​មើល​តើ​ប្រជាជនវៀតណាម​នឹង​មាន​ប្រតិកម្ម​បែបណា​ទៀត​ ប្រសិន​បើ​បវរកញ្ញា​ខ្លួន​មិន​អាច​ចូល​ Top ឬ​ឈ្នះ​មកុដ​ដូច​ឆ្នាំ​នេះ​ មួយ​វិញ​ទៀត​បើ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ហើយ​ បេក្ខនារី​ម្ចាស់​ផ្ទះ​ឈ្នះ​មកុដ​ វិញ​នោះ​ តើ​វៀតណាម​មិន​បារម្ភទេថា ពិភពលោក​ ឬ​បណ្ដាប្រទេស​ផ្សេង​ៗ ​នឹង​គិត​ថា​វៀតណាម ​ស៊ីសំណូក​ ឬ​ក៏​សម្រេច​​ដោយ​លម្អៀង?

Share.