បន្ទាយមានជ័យ៖ ឃើញរថយន្តចតចោលភ្លេចដកសោរ ទុកម៉ូតូខ្លួនចោលឡើងជិៈរថយន្តគេចខ្លួនពីខេត្តឧត្តរមានជ័យចាប់បាននៅបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២តាមផ្លូវជាតិលេខ៥នៅភូមិកូប ឃុំគុត្តសត ស្រុកអូរជ្រៅ។

ជនសង្ស័យមានឈ្មោះ ពុំ ឆៃណា ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជនសង្ស័យខាងលើបានលួចរថយន្ត១គ្រឿងម៉ាកតូយោតាធុនត្រា TOYOTA TUNDRA ពាក់ស្លាកលេខភ្នំពេញ2AA.8055 ជារថយន្តម្ចាស់ការ៉ាសាំងដែលចតទុកចោលភ្លេចដកសោរទុកមុខការ៉ាស់សាំងហើយត្រូវបានជនសង្ស័យលួចយកទៅបាត់កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នៅភូមិ.ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រោយកម្លាំងជំនាញទទួលបានព័ត៌មានហើយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ឃើញភិនភាគរថយន្តឃាត់ហើយចាប់ជនសង្ស័យ១នាក់និងរថយន្តដែលលួចចំនួន១គ្រឿងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នៅចំណុចភូមិកូប ឃុំគុត្តសត ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា៖ក្រោយកម្លាំងចរាចរណ៍ឃាត់ជនសង្ស័យបានប្រគល់ជូនកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តបន្ទាយមានជ័យ ពេលសួរចម្លើយ ជនសង្ស័យសារភាពថា ពេលដែលលួចរថយន្តគឺខ្លួនបានជិៈម៉ូតូទៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អស់សាំងហើយ បម្រុងចូលទៅចាក់សាំងឃើញរថយន្តម្ចាស់ចតនៅមុខការ៉ាស់សាំងភ្លេចដកសោរ ខ្លួនបានឡើងបើករថយន្តគេចខ្លួនមកបន្ទាយមានជ័យ ទុកម៉ូតូចោលនៅការ៉ាស់សាំង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់តាមដងផ្លូវជាតិលេខ៥ ឃាត់បានទាំងរថយន្តកសាងសំណុំរឿងប្រគល់ជូនកម្លាំងនគរបាលជំនាញខេត្តឧត្តរមានជ័យដើម្បីអនុវត្តន៍នីតិវិធីបន្ត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.