អាជ្ញាធរហ្វីលីពីនបាននិយាយថា គ្រោះរញ្ជួយដីនេះបានអង្រួនភាគខាងជើងប្រទេសហ្វីលីពីននាព្រឹកថ្ងៃ ពុធ សប្ដាហ៍នេះ ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច ៦នាក់ បានរងរបួស និង បានបង្កការខូចខាតយ៉ាងច្រើនដល់មន្ទីរពេទ្យ និង ព្រះវិហារចាស់ៗមួយចំនួន។ នេះបើយោងតាការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២៦ ខែ តុលា ឆ្នាំ ២០២២។

ការិយាល័យរញ្ជួយដីរបស់រដ្ឋ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Dolores ក្នុងខេត្ត Abra កាលពីល្ងាចថ្ងៃ អង្គារ បន្ទាប់មកមានការរញ្ជួយដីជាច្រើនដងពេញ ១យប់។

លោក Jeffrey Blanes មន្រ្តីប៉ូលីសក្រុង Dolores បាននិយាយថា «នៅពេលអគារកំពុងញ័រ មនុស្សម្នាក់ៗនាំគ្នារត់ចេញទៅខាងក្រៅ។ ចំណែកបុគ្គលិកមន្ទីរពេទ្យ លោក Tom Tabije បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទថា បច្ចុប្បន្នយើងកំពុងធ្វើការវាយតម្លៃលើការខូចខាត ដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនេះ»។

អ្នកជំងឺត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ Mariano Marcos Memorial ក្នុងទីក្រុង Batac ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីភាគខាងជើងនៃចំណុចកណ្ដាលនៃការរញ្ជួយដី។

អ្នកជួយសង្រ្គោះបាននិយាយថា មនុស្ស ៦នាក់ បានរងរបួសនៅក្នុងទីក្រុង Lagayan នៃខេត្ត Abra។

ការិយាល័យរបស់អភិបាលក្រុង Lagayan និង អគារវិទ្យាល័យមួយត្រូវបានបិទទ្វារ បន្ទាប់ពីមានស្នាមប្រេះ និង កញ្ចក់បង្អួចមានបញ្ហា នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទីក្រុង។ ទន្ទឹមនោះអភិបាលរដ្ឋ Ilocos Norte លោក Matthew Manotoc បានប្រកាសពីការឈប់សម្រាករបស់សិស្ស និង បុគ្គលិករដ្ឋាភិបាល ដើម្បីអាជ្ញាធររៀបចំបោសសម្អាត និង ត្រួតពិនិត្យការខូចខាតឡើងវិញ ក្រោយជួបប្រទះនឹងគ្រោះរញ្ជួយដី។

សូមជម្រាបថា កាលពីខែ កក្កដា គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ ធ្លាប់បានវាយប្រហារខេត្ត Abra ផងដែរ ដោយបានបង្កឲ្យមានការរអិលបាក់ដី ដោយបានសម្លាប់មនុស្ស ១១នាក់ និង ជាច្រើនរយនាក់ផ្សេងទៀតរងរបួស។ ការរញ្ជួយដី គឺតែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេសដែលសំបូរទៅដោយកោះជាច្រើន ដោយសារតែស្ថិតនៅតាមបណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក និង ស្ថិតនៅលើចំណុច «Ring of Fire» ដែលជាធ្នូនៃការរញ្ជួយដី និង មានការបំផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លា៕

ប្រភព៖ CNA

Share.