ភ្នំពេញ៖ជនសង្ស័យចំនួន៥នាក់ ក្នុងសំណុំរឿងលួចស្លាកលេខរថយន្ត និងក្លែងបន្លំឯកសារសាធារណៈ ក្រោយពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបង្ក្រាបចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានធ្វើការបង្ហាញខ្លួនរួចបញ្ជូនទៅតុលាកា ចាត់ការបន្តតាមនីតិវិធី ។

ជនសង្ស័យទាំង ០៥នាក់ ៖ ទី១ ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ភ័ណ្ឌ ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងមេការនិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ទី៣ ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅ វណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៤ ឈ្មោះ សឿង រ៉ាវី ហៅ ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៥ ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខ០២៣ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ភ្នំពេញ 2BL-0980 នៅចំណុចផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កន្លងមក។ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យទទួលផលចោរកម្មបាន២នាក់ នៅខេត្តកំពង់ឆ្នាំង នាំសាកសួរ កម្លាំងចុះទៅឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅយប់ថ្ងៃដដែល នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច ផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចបន្តទៅតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ptt ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តទៀតថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមានស្លាកលេខរថយន្តរបស់ជនរងគ្រោះដែលបាត់ ចំនួន២សន្លឹក ( ភ្នំពេញ 2BL-0980 ) រថយន្តម៉ាក ព្រូស ចំនួន០២គ្រឿង, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ,ឆៀករថយន្ត, ប័ណ្ណសម្គាល់រថយន្ត ,ប័ណ្ណបើកបររថយន្ត មួយចំនួន, និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ជនសង្ស័យទាំង៥នាក់ ក្រោយពីសមត្ថកិច្ចធ្វើការបង្ហាញមុខជាសាធារណៈរួម រួមជាមួយវត្តុតាង នាំខ្លួនទៅកាន់តុលាកាក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.