លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ នេះ បានបង្ហាញមុខក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅការិយាល័យរបស់ CPL និងការផ្សាយផ្ទាល់តាមយ:ហ្វេសប៊ុកផេក សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា និង Cambodian Premier League ផងដែរ។

ឱកាសនោះដែរលោកKeisuke Honda ក៏ផ្តល់ដំបូន្មានទៅកាន់យុវជនកម្ពុជាធ្វើយ៉ាងត្រូវរីកចម្រើនជាមួយធាតុផ្សំចំនួន៤ជាចាំបាច់ក្នុងបាល់ទាត់ ដើម្បីអាចខ្លាំងដូចប្រទេសជប៉ុននោះគឺ៖«បច្ចេកទេស, កលល្បិច, កាយសម្បទា និងចិត្តសាស្រ្ត»។
មូលហេតុលោក Honda ថ្លែងទៅកាន់កីឡាករក្មេងៗបែបនេះដោយសារតែបច្ចុប្បន្នកីឡាករនៅក្រុមជម្រើសជាតិកម្ពុជាភាគច្រើនគឺវ័យច្រើន និងចាស់ៗអស់ហើយ ពួកគេមិនអាចលូតលាស់ដូចក្មេងៗបានឡើយ ជាពិសេសបច្ចេកទេស, កលល្បិច និងចិត្តសាស្រ្ត ប៉ុន្តែលោកជឿជាក់ថាសម្រាប់កាយសម្បទា ទោះបីពួកគេក្លាយជាមនុស្សពេញវ័យក៏ដោយ ប៉ុន្តែនៅតែរីកចម្រើនបន្តបាន។

«ហេតុនេះហើយទើបយើងសម្រេចបង្កើតការរត់តេស្តកាយសម្បទា 30-15 IFT ជាមួយគ្នានេះផងដែរយើងក៏ចង់បង្កើតការតេស្តលើកទម្ងន់បន្ថែមទៀត ដើម្បីពង្រឹងកាយសម្បទាកីឡាករកម្ពុជាឲ្យកាន់តែខ្លាំងជាមុន»។ លោក Honda សង្កេតធ្ងន់។
ប៉ុន្តែដោយសារលោកHonda អ្នកគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជា ហើយនៅតាមក្លិបវិញ ជាការគ្រប់គ្រងដោយគ្រូបង្វឹកតាមក្លិបនីមួយៗនៅលីគកំពូលកម្ពុជា ដូច្នេះត្រូវពឹងលើក្លិបទាំងស្រុង ក្នុងការគ្រប់គ្រងការហ្វឹកហាត់ប្រចាំថ្ងៃរបស់កីឡាករម្នាក់ៗ៕
