Miss Planet International គឺជាកម្មវិធីប្រកួតសម្រស់ប្រចាំឆ្នាំលក្ខណៈពិភពលោកសម្រាប់នារីនៅលីវទាំងអស់។ បេក្ខនារីទាំងអស់ ចាំបាច់ត្រូវតែប្រកួតប្រជែងគ្នាជាលក្ខណៈពិភពលោកដើម្បីដណ្ដើមមកុដ Miss Planet International។ តើអ្នកមានដឹងទេថាកម្មវិធីកម្រិតពិភពលោកមួយនេះកើតចេញពីការផ្ដួចផ្ដើមរបស់ស្ត្រីម្នាក់ដែលមានឈាមជ័រជាជនជាតិខ្មែរ?

Miss Planet International គឺជាចលនាមួយដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយដោយហេតុផលនេះ ពួកគេបានបង្កើតកម្មវិធីប្រកួតមួយដែលស្វែងរកឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសនីមួយៗដើម្បីធ្វើការផ្លាស់ប្ដូរសង្គមរបស់ពួកគេសម្រាប់អនាគតដ៏ល្អប្រសើរដល់អ្នកជំនាន់ក្រោយ។

កម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃវប្បធម៌ ការតស៊ូមតិនិងគុណភាពកម្រិតខ្ពស់នៃការប្រកួត។ ឆ្នាំដំបូងដែលរៀបចំកម្មវិធី Miss Planet International ឡើងគឺនៅមហោស្រពកោះពេជ្រកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ Queen ដំបូងគេបង្អស់ដែលបានឈ្នះមកុដពីការប្រកួតក្នុងចំណោមស្រីស្អាតមកពីបណ្ដាប្រទេសទាំង ៣៩ទៀតនោះ គឺកញ្ញា Monique Best បវរកញ្ញាតំណាងឱ្យប្រទេសអាហ្វ្រិចខាងត្បូង។
ក្រោយពីបានដឹងពីប្រវត្តិ គោលបំណង និងបេសកកម្មរបស់កម្មវិធី Miss Planet International រួចហើយ តើអ្នកមានដឹងទេកម្មវិធីនេះបង្កើតឡើងដោយស្ថាបនិក២រូបគឺ លោកស្រី Ms. HALLEY AMIN និង MR. PEDRO FRANCISCO MARQUEZ។

លោកស្រី Halley Amin គឺជាជនជាតិខ្មែរ លោកស្រីគឺជាផលិតករ និង President ខណៈលោក Pedro Francisco Marquez គឺ CEO និងជាផលិតករ។ លោកធ្លាប់ជាអតីតផលិរករដ៏ល្បីល្បាញម្នាក់ក្នុងវិស័យប្រកួតសម្រស់ លោកគឺជាអ្នកមានបទពិសោធ ធ្លាប់បានធ្វើការងារនៅក្នុងអង្គភាពបវរកញ្ញចក្រវាឡ កាលពីឆ្នាំ២០០៧។

កាលបរិច្ឆេទ កម្មវិធី Miss Planet International នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា នាសាធារណៈរដ្ឋ អូហ្គង់ដា (ដែលមានរហស្សនាមថាគុជខ្យងនៃអាហ្វ្រិច) ដោយមានការចូលរួមប្រកួតប្រជែងពីបេក្ខនារីតំណាងប្រទេសចំនួន៨០ ហើយក្នុងនោះកញ្ញា ប៉ុន សារ៉ាវត្តី គឺជាបវរកញ្ញាតំណាងប្រទេសកម្ពុជា។
